CamNews

ព័ត៌មានជាតិ 

មន្ដ្រីអាវុធហត្ថលើ ផ្ទៃប្រទេស កើត ជម្លោះ បាញ់រះរបួសម្នាក់

ភ្នំពេញ ៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស ពីរក្រុម បានកើតជម្លោះ ជាមួយគ្នាពេលចេញ ពីក្លឹបស៊ីធូ ក្នុងខណ្ឌ ៧មករា រហូតដល់មាន ការផ្ទុះអាវុធ នៅពេលភាគីម្ខាងចូលទៅហូប កន្លែងបាយឆា មីឆា បណ្ដាលឱ្យម្នាក់ រង របួសធ្ងន់ ។

អំពើបាញ់ប្រហារទាំងកណ្ដាលអាធ្រាត្រ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន បានកើតឡើងនៅ វេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅកន្លែងលក់ បាយឆា និងមីឆា តាម បណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

បើតាមការបញ្ជាក់ត្រួសៗពីសមត្ថកិច្ច ភាគីទាំងពីរ គឺជាមន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសហើយ មន្ដ្រីអាវុធហត្ថ ម្នាក់ ដែលរងរបួស ត្រូវភាគីម្ខាងបាញ់នោះ គឺទើបនឹងចេញពីក្លឹបស៊ីធី ហើយកើតមានជម្លោះរហូត ដល់ប្រជាពលរដ្ឋនាំគ្នាព្រួតវាយ បណ្ដាលឱ្យរងរបួសនិងហូតកាំភ្លើងមួយដើម ផងដែរ ។

តាមសមត្ថកិច្ចក្រោយពេលមានជម្លោះ នៅក្នុងក្លឹបរួចមក ជននេះបានមកអង្គុយនៅ កន្លែងលក់បាយឆា មីឆា ស្រាប់តែមួយសន្ទុះ ក្រោយមកក៏លេចមុខភាគីម្ខាងទៀត ជិះរថយន្ដស៊េរីទំនើបមកដល់ ក៏បាញ់រះ ចំនួន ៣គ្រាប់ បណ្ដាលឱ្យរងរបួសតែម្ដងទៅ។

ក្រោយកើតហេតុ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស ដែលរងរបួសខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានី ភ្នំពេញ យកទៅព្យាបាលនិងសួរនាំរកមូលហេតុពិតនិងភាគីម្ខាងទៀត ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news