CamNews

ព័ត៌មានជាតិ 

ជួបគូទំនាស់ចាស់ និយាយឌឺដងដាក់គ្នា បាញ់មួយគ្រាប់ ធ្លាយត្រគាកខាងឆ្វេង

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូតែម្នាក់ឯង ត្រឡប់មកពីដើរលេងវិញ ក៏ជួបប្រទះនឹងបុរសមួយក្រុមមានគ្នា ៤នាក់ ដែលជាគូទំនាស់ចាស់ ក៏បាននិយាយឌឺដងដាក់គ្នា រហូតឈានទៅវាយតប់គ្នា ទៅវិញទៅមក ហើយភាគីខាងគ្នា ៤នាក់បានដកកាំភ្លើងបាញ់ភាគីជម្លោះរបស់ខ្លួន ដែលមានតែម្នាក់ឯង បណ្តាលឱ្យត្រូវមួយគ្រាប់ ធ្លាយពីត្រគាកឆ្វេងទៅត្រគាកខាងស្តាំរងរបួសធ្ងន់ ត្រូវបានក្រុមអ្នករត់រ៉ឺម៉កម៉ូតូ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចក្បែរផ្សារសូរិយាស៊ីធីម៉ល តាមផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូហុងដាឌ្រីម សេ ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 2P-2839 ដោយធ្វើដំណើត្រឡប់មកពីដើរលេងតែម្នាក់ ឯង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជួបគ្នាជាមួយបុរសមួយក្រុមមានគ្នា ៤នាក់ដែលធ្លាប់ជាគូជម្លោះនឹងគ្នា ជិះម៉ូតូពីរគ្រឿង មិនមានពាក់ស្លាកលេខ (ម៉ូតូស្កុបពី និងម៉ូតូហុងដាឌ្រីម) ។ ពេលនោះក្រុមបុរស៤នាក់ បាននិយាយទៅបុរសរងគ្រោះថា ម៉េចចង់លេងជាមួយក្រុមអញផង !  ហើយបុរសរងគ្រោះ ក៏បានឆ្លើយតបទៅវិញថា « អើអញចង់លេងជាមួយ! » គ្រាន់តែជនរងគ្រោះ និយាយចប់ភ្លាម ភាគីទាំងពីរ ក៏បានវាយតប់គ្នាទៅវិញមក ។ ក្នុងពេលនោះ ដែរ បុរសរងគ្រោះក្រឡេកឃើញភាគីជម្លោះរបស់ខ្លួន មានកាំភ្លើងក៏ស្រែកឱ្យគេជួយ តែគ្មានអ្នកណាហ៊ានចូលជួយនោះទេ ហើយជនរងគ្រោះក៏ត្រូវភាគីជម្លោះបាញ់មួយគ្រាប់ ធ្លាយពីត្រគាកខាងឆ្វេង ទៅត្រគាកខាងស្តាំ រងរបួសធ្ងន់ត្រូវបានអ្នករត់រ៉ឺម៉កម៉ូតូ ជួយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាឱ្យកូនចៅក្រោមឱវាទចេញប្រតិបត្តិការភ្លាមៗ តាមចាប់ម៉ូតូស្កុបពី និងហុងដាឌ្រីម អត់ពាក់ស្លាកលេខ ដើម្បីយកមកសួរនាំពេលនោះកម្លាំងសមត្ថកិច្ចក៏ បានឃាត់ម៉ូតូស្កុបពីមួយគ្រឿង អត់មានពាក់ស្លាកលេខ នៅចំណុចមុខវត្តនាគវ័ន្ត ដើម្បីយកមកសាកសួរ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP