CamNews

ប្លែកៗ 

មនុស្សវ័យចំណាស់ជាងគេលើពិភពលោកឈានចូល អាយុ១១៥ឆ្នាំ

ស្រ្តីចំណាស់ឈ្មោះ Besse Cooper គឺជាមនុស្សម្នាក់ដែលត្រូវបានសៀវភៅកំណត់ហេតុ
របស់ពិភពលោក Guinness កត់ត្រា​និងទទួលស្គាល់ថាជាមនុស្សម្នាក់ដែលមានអាយុច្រើន
ជាងគេបំផុតនៅលើពិភពលោកយើងនេះ បានប្រារព្ធធ្វើនូវពិធីខួបកំណើតឈានចូលអាយុ
១១៥ឆ្នាំនៅឯរដ្ឋ Georgia សហរដ្ឋអាមេរិច កាលពីថ្ងៃទី ២៦ សីហាកន្លងទៅនេះ ។

អ្នកតំណាងរបស់សៀវភៅកំណត់ហេតុ Guinness ក៏មានវត្តមាននៅក្នុងកម្មវីធីខួបកំណើត
របស់ស្ត្រី Cooper ផងដែរ ដើម្បីធ្វើការប្រគល់ជូនគាត់នូវកិត្តិយសតំណែងជាមនុស្សមាន
វ័យចំណាស់ជាងគេលើពិភពលោកជាលើកទីពីរ ដែលតំណែងនេះត្រូវបានប្រគល់ជូនគាត់
ម្តងរួចមកហើយនៅក្នុងពិធីខួបកំណើតវ័យ ១១៤ឆ្នាំរបស់គាត់ ។

"ខ្ញុំគិតថាត្រឹមតែជាឋានៈមួយគឺគ្រប់គ្រាន់ហើយ "តាមសំដីរបស់ លោក Sidney Cooper
កូនប្រុសវ័យ ៧៦ឆ្នាំ របស់ស្រ្តីចំណាស់ Besse Cooper ។ គាត់បានបន្ថែមថា "ម្តាយរបស់
ខ្ញុំគាត់នៅចងចាំបានទាំងអស់ ហើយគាត់អាចធ្វើបានគ្រប់កិច្ចការទាំងឡាយប្រកបដោយ
ភាពច្បាស់លាស់បំផុត ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី ក៏នៅមានថ្ងៃល្អ និងថ្ងៃអាក្រក់ផងដែរ ។
គាត់ទទួលទានដំណេកយូរជាងធម្មតាក្នុងមួយថ្ងៃៗ "។

ស្រ្តី Besse Cooper កើតនៅក្នុងឆ្នាំ ១៨៩៦ នៅរដ្ឋ Tennesse និងបានផ្លាស់មករស់នៅក្នុង
រដ្ឋGeorgia ក្នុងពេលមានសង្គ្រាមលោកលើកទី១ និងបានក្លាយជាគ្រូបង្រៀនម្នាក់ផងដែរ។
គាត់មានគ្រួសារនៅឆ្នាំ ១៩២៤ និងមានកូនទាំងអស់ ៤នាក់ ហើយបច្ចុប្បន្នគាត់មានចៅ
១២នាក់ និងចៅទួតចៅលួតជាង ១០០នាក់ផងដែរ ។

ស្រ្តី Besse Cooper និងកូនស្រីគាត់អាយុ ៧៣ ឆ្នាំ

គួរបញ្ជាក់ផងដែរថានៅក្នុងឆ្នាំជាមួយគ្នានៃឆ្នាំកំណើតរបស់ ស្រ្តី Besse Cooper ក៏ជាឆ្នាំនៃ
ការបង្កើតកម្មវិធីកីឡា អូឡាំពិក ជាលើកដំបូង ហើយជាពិសេសរថយន្តដំបូងរបស់ក្រុមហ៊ុន
Fordក៏បានបង្កើតឡើងនៅក្នុងឆ្នាំនោះផងដែរ ។

នៅពេលដែលសាកសួរអំពីអាថ៌កំបាំងនៃការរស់នៅបានយូររបស់គាត់ ស្រី្ត Cooper បាន
អោយដឹងនូវវិធីសាស្រ្តសំខាន់ពីរយ៉ាងគឺ "ខ្ញុំដោះស្រាយរាល់កិច្ចការទាំងឡាយដោយខ្លួនឯង
និងមិនទទួលទានអាហារដែលទុកចោលឡើយ " ៕


(ពី Telegraph/Daily Mail)
រដ្ឋា

Tags: