CamNews

ព័ត៌មានជាតិ 

អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជាមិនទាន់ ទទួលព័ត៌មានពលរដ្ឋ ខ្មែរគ្រោះថ្នាក់ ក្នុងការវាយប្រហារ

ភ្នំពេញ៖ ក្រោយពីមានព័ត៌មាន ចុះផ្សាយថា ពលរដ្ឋខ្មែរម្នាក់រងគ្រោះ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងការ វាយប្រហារពីក្រុម ISIS នោះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា លោក ជុំ សន្ទរី បាន លើកឡើងថា លោកមិនទាន់បានទទួល ព័ត៌មាននេះនៅឡើយទេ។

លោក ជុំ សន្ទរី បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ថា “ខ្ញុំអត់ទាន់បានទទួលការបញ្ជាក់ទេណា អំពីព័ត៌មាននេះ (មានអ្នករងគ្រោះ)។ ខ្ញុំលឺព័ត៌មានខ្លះផ្សាយអញ្ចុះ ខ្លះផ្សាយអញ្ចេះ ហើយខ្ញុំអត់ទាន់បានទទួលព័ត៌មានបញ្ជាក់ពីស្ថានទូតយើងនៅប៉ារីសទេ អត់ទាន់មានអី បញ្ជាក់បានទេ”។

លោកបន្តថា ក្រោយពីមានហេតុការណ៍នេះ កើតឡើងភ្លាមៗ លោកបានទាក់ទងទៅស្ថានទូតខ្មែរនៅប៉ារីស ប៉ុន្តែភោជនីយដ្ឋានខ្មែរនៅតំបន់វាយប្រហារនោះអត់មានខ្មែរម្នាក់ណារងគ្រោះទេ ប៉ុន្តែនៅទីតាំងផ្សេងៗ ក៏លោកអត់ដឹងដែរ។

បើតាមការផ្សាយរបស់ AFP នៅថ្ងៃទី១៦ វិច្ឆិកានេះ ចំនួនអ្នកស្លាប់នៅក្នុង ហេតុការណ៍បាញ់ និងបំផ្ទុះគ្រាប់បែក នៅកណ្ដាលទីក្រុងប៉ារីស បានកើនឡើងដល់ ១៣២នាក់ បន្ទាប់ពីមាន ជនរងគ្រោះចំនួន ៣នាក់បានស្លាប់ នៅឯ មន្ទីរពេទ្យ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP