CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ យុវសិស្សខ្មែរ ដណ្តើម មេដាយពីអាម៉េរិក ៨នាក់ ចូលជួបសម្តែង ការគួរសម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឲ្យយុវសិស្សខ្មែរដែលខ្លាំងពូកែ ៨រូបចូល ជួបសម្តែងការគួរសម និងសំណេះសំណាលនៅរសៀលថ្ងៃនេះ ដើម្បីជាការបន្តផ្តល់កិត្តិយស និងលើកទឹកចិត្ត ដល់ពួកគេ បន្ទាប់ពីបានប្រឹងប្រែងប្រកួតប្រជែងដណ្តើមយកមេដាយពីទឹកដីអាម៉េរិក។

យុវសិស្សខ្មែរទាំង ៨រូប ដែលទទួលបានឱកាសចូលជួបសម្តែងការគួរសម និង សំណេះសំណាលផ្ទាល់ ជាមួយនាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ រួមមាន៖

- យុវសិស្ស Lim Theanhok និង Roth Pochvichet ទទួលបានមេដាយមាស ផ្នែកវិទ្យាសាស្ត្រ

- យុវសិស្ស Huot Geechhor និង Heng Linna ទទួលបានមេដាយប្រាក់ ផ្នែកសិល្បៈ

- យុវសិស្ស Chea Soyean និង Luu Saophea ទទួលបានមេដាយប្រាក់ ផ្នែកធុរៈកិច្ច

- យុវសិស្ស Keang Puthina និង Chou Sahasvichni ទទួលបានមេដាយសំរឹទ្ធ ផ្នែកវិទ្យាសាស្ត្រ

យុវជនទាំង ៨នាក់នេះ បាននិងកំពុងសិក្សានៅសាលាអន្តរជាតិហ្សាម៉ាន់។ ពួកគេត្រូវបានសាលាបញ្ជូនទៅចូល រួមប្រកួតប្រជែងសរសេរគម្រោងក្នុងក្របខ័ណ្ឌសាលាអន្តរជាតិកម្រិតវិទ្យាល័យលើប្រធានបទបរិស្ថាន "Genius  Olympiad 2015” ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ១៤-១៩ ខែមិថុនា ឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យរដ្ឋទីក្រុង ញូយ៉ក សហរដ្ឋអាមេរិក ដោយមានបេក្ខជនចូលរួមប្រកួតប្រមាណ ៧៤៨នាក់ មកពី ៦៩ប្រទេស។ មានបេក្ខ  ជនតែ ១២៣រូបប៉ុណ្ណោះ បានទទួលជ័យលាភី។

យុវសិស្សខ្មែរពីររូប លីម ធានហុក និងដៃគូរបស់គេម្នាក់ទៀត ឈ្មោះ ប៉ូច រ័ត្នវិចិត្រ ត្រូវបានគណៈកម្មការផ្តល់ រង្វាន់មេដាយមាស បន្ទាប់ពីពួកគេ បានរកឃើញនូវវិធីចម្រោះទឹកប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ដែលទឹកនេះ  ក្រោយចម្រោះហើយ អាចយកទៅបរិភោគដូចទឹកបរិសុទ្ធផងដែរ។

យុវសិស្ស លីម ធានហុក ដែលទទួលបានអាហារូករណ៍តម្លៃ ៤.០០០ដុល្លារ សិក្សានៅសាលាអន្តរជាតិ ZA  MAN អស់រយៈពេល ៤ឆ្នាំមកហើយនោះ បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង នៅពេលទទួលបាន ដំណឹង នៃការផ្តល់ឱកាសពីសម្តេចតេជោ ហ៊ុន សែន ឲ្យបានចូលជួបសម្តែងការគួរសម និងសំណេះសំណាល  ដោយផ្ទាល់។ លីម ធានហុក បានបញ្ជាក់ថា រូបគេមិនដែលស្រម័យថា បានជួបជាមួយនាយករដ្ឋមន្រ្តីបែបនេះ  ឡើយ។

ទាំងការដណ្តើមមេដាយមាសពីអាម៉េរិក និងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន  ក៏បានធ្វើឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ុក ណារិន អនុប្រធាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តក្រសួងមហាផ្ទៃ  រំភើបរីករាយជាពន់ពេកផងដែរ។ លោក អ៊ុក ណារិន បានគូសបញ្ជាក់ថា អ្វីដែលធ្វើឲ្យរូបលោករំភើបកាន់តែខ្លាំង  នោះ គឺកូនរបស់លោកបានប្រឹងប្រែងរហូតមានឱកាសកាន់បង្ហាញទង់ជាតិរបស់ខ្មែរ បង្ហាញទៅអន្តរជាតិឲ្យបាន  ដឹងថា ខ្មែរក៏មានយុវជនដែលខ្លាំង និងមានសមត្ថភាពស្រាវជ្រាវ និងផលិតនូវឧបករណ៍បែបវិទ្យាសាស្រ្តផងដែរ  ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP