CamNews

ព័ត៌មានជាតិ 

ជម្លោះបើកទូក កាត់លើខ្សែសៀតថ្កា ព្រួតកាប់នឹងពូថៅ ជនរងគ្រោះ កំពុងរង់ចាំ ពន្លឺយុត្ដិធម៌ពីតុលាការ

សៀមរាប ៖ ជម្លោះវាយនិងកាប់ដោយ ពូថៅ រវាងបុរសជនជាតិវៀតណាម បណ្ដាល ឱ្យរងរបួសធ្ងន់ ដែលបណ្ដាលមកពីជនរង គ្រោះបើកទូក កាត់លើខ្សែសៀតថ្កា របស់ ជនបង្ក បានអូសបន្លាយអស់រយៈពេល ជាង ១ឆ្នាំ ចាប់តាំងពីថ្ងៃកើតហេតុ គឺនៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៣ ប៉ុន្ដែជនរង គ្រោះ មិនទាន់ទទួលបានបន្លឺ យុត្ដិធម៌ពី តុលាការខេត្ដសៀមរាបនៅឡើយនោះទេ បើទោះបីបានដាក់ពាក្យបណ្ដឹងនិងចំណាយ ប្រាក់ខ្លះៗ ជូនដល់ព្រះរាជអាជ្ញានិងចៅ ក្រមដែលកាន់សំណុំរឿងក៏ដោយនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣កន្លងទៅ ស្ថិតនៅភូមិ៧ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្ដសៀមរាប មានករណីប្រើអំពើហិង្សាមួយ ដែលបង្ក ឡើងដោយបុរសជនជាតិវៀតណាម ៤នាក់ រួមមាន ឈ្មោះលូ យ៉ាំងទី ឈ្មោះ លូ យ៉ាំងជិន និងពីរនាក់ផ្សេងទៀត ប្រដាប់ ដោយកាំបិតនិងពូថៅ បានវាយកាប់ទៅលើ បុរសជនជាតិវៀតណាមដូចគ្នា ឈ្មោះឡេ វ៉ាងឡាវ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បែកក្បាល គ្រាន់តែជនរងគ្រោះបើកទូក កាត់លើខ្សែសៀតថ្កា របស់ជនបង្កតែប៉ុណ្ណោះ ។

ក្រោយកើតហេតុភ្លាមៗ ជនបង្កទាំង៤នាក់ បានរត់គេចខ្លួន រីឯជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច រួចហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវ រហូតដល់ចាប់ខ្លួនជនបង្កទាំង៤នាក់ បញ្ជូនទៅកាន់សាលាដំបូង ខេត្ដសៀមរាប ដើម្បីចាត់ការបន្ដទៀត ប៉ុន្ដែក្រោយពីសមត្ថ កិច្ចបញ្ជូនទៅដល់តុលាការហើយ ជនបង្កទាំង៤នាក់ ត្រូវបានដោះលែងមកវិញ មានសេរីភាពដដែល ។

ក្រោយពីជនបង្កទាំង៤នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពរួចមក ជនរងគ្រោះនិងសាច់ញាតិ បានស្វែងរកអន្ដរាគមន៍ តាមរយៈការដាក់ពាក្យបណ្ដឹង ទៅអង្គការមួយឈ្មោះថា ការពារកម្ពុជា ដើម្បីរកយុត្ដិធម៌ ក្នុងគោលបំណង ជួយពន្លឿនករណីនេះ រហូតដល់រយៈពេល៦ ខែក្រោយមក តុលាការខេត្ដសៀមរាប បានចេញដីកាកោះហៅ ជនបង្កទាំង៤នាក់ យកទៅសួរនាំ ប៉ុន្ដែជនបង្កទាំងនេះ ត្រូវបាន ដោះលែងត្រឡប់មកវិញដដែល ។

សាច់ញាតិជនរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ដោយសារតែពុំមានចំណាត់ការ របស់តុលាការខេត្ដសៀមរាប យ៉ាងដូច្នេះ ប្រធានអង្គការ ការពារកម្ពុជា ដើម្បីរកយុត្ដិធម៌ លោកសំ បូរិន បានជួយ អន្ដរាគមន៍ជនរងគ្រោះ តាមរយៈការដាក់ ញ្ញតិមួយច្បាប់ ជូនរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោកអង្គ វង្ស វឌ្ឍានា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីជួយពន្លឿនទៅ តុលាការខេត្ដសៀមរាប ឱ្យដោះស្រាយបញ្ហានេះផង ។

ក្រោយពីមានលិខិតជូនរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌រួចមក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ លោកអង្គ វង្សវឌ្ឍានា បានសរសេរលិខិតមួយច្បាប់ ជូនប្រធានសាលា ដំបូងខេត្ដសៀមរាប ដើម្បីឱ្យពន្លឿននីតិវិធីលើចំណាត់ការសំណុំ រឿងបង្ករបួសស្នាម ដែលបង្កឡើងដោយជនជាតិវៀតណាមទាំង ៤នាក់ ។

សាច់ញាតិជនរងគ្រោះបាននិយាយទៀតថា បើទោះបីមានលិខិតអន្ដរាគមន៍ ពីសំណាក់ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ក៏ដោយនោះ ប៉ុន្ដែរហូតមកដល់ពេលនេះ សំណុំរឿងនៅដដែល បើទោះបីពួកគេបានខិតខំទៅជួបព្រះរាជអាជ្ញា ទៅជួបចៅក្រម និងបានផ្ដល់លុយខ្លះៗ ម្ដង២០០-៣០០ដុល្លារ ម្ដង ៤០០ដុល្លារ-៥០០ដុល្លារ ដែលលុយទាំងនេះ បានមកពីការលក់ផ្ទះតម្លៃ ៣០០០ដុល្លារ និងម៉ូតូសង់កូរ៉េមួយគ្រឿង ដើម្បីឱ្យតុលាការ ចេញដីការតាមចាប់ខ្លួនជនបង្កទាំង៤នាក់ ប៉ុន្ដែរហូតមកដល់ពេលនេះ ពោលរយៈពេលជាងមួយឆ្នាំមកហើយ បែរជាគ្មានដំណោះស្រាយទៅវិញ ។

សាច់ញាតិជនរងគ្រោះ សូមអំពាវនាវ ដល់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ និងមន្ដ្រីពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះផង ការដែលតុលាការខេត្ដសៀមរាប នៅតែមិន ផ្ដល់យុត្ដិធម៌ជូនជនរងគ្រោះ ដែលរងការវាយប្រហារនិងកាប់ដោយពូថៅ របួសយ៉ាងធ្ងន់ធ្ងរ បែរជាជនល្មើសទាំង៤នាក់ បន្ដមានសេរីភាព ដដែល។

ជាមួយគ្នានេះ ជនល្មើសទាំង៤នាក់ថែម ទាំងបោះពាក្យសំដី មកលើជនរងគ្រោះនិង សាច់ញាតិថា បើទោះបីប្ដឹងទៅដល់ណាក៏ មិនអាចឈ្នះបានដែរ ដូច្នេះជនរងគ្រោះ សង្ឃឹមថា ពន្លឺយុត្ដិធម៌របស់តុលាការខេត្ដ សៀមរាប និងផ្ដល់ជូនទៅដល់ពួកគេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news