ភ្នំពេញ៖សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៥ បានបដិសេធថា ព្រះអង្គមិនបានទាមទារ ប្រាក់សំណង ៣៦ម៉ឺនដុល្លារ ពីជនបង្កហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍ កាលពីអំឡុងខែមេសា នៅខេត្តកំពង់ចាម។
កាលពីពេលថ្មីៗនេះ មេធាវីសម្ដេចក្រុមព្រះបានប្រកាស ទាមទារសំណងចំនួន៣៦ម៉ឺនដុល្លារ ពីជនហេតុដែលបានបើក រថយន្តដឹកដី បុករថយន្តក្បួនរបស់ព្រះអង្គ ដែលបានបណ្តាលឲ្យអ្នកម្នាង អុក ផល្លា រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបញ្ជូនទៅ ព្យាបាលនៅប្រទេសអស់រយៈពេលជាច្រើនខែ។
ពាក់ព័ន្ធនឹងករណីនេះ សម្ដេចក្រុមព្រះ បានមានព្រះបន្ទូលដោយស្រាយចម្ងល់ របស់អ្នកសារព័ត៌មាន ក្រោយពីព្រះអង្គបាន បញ្ចប់ពិធីបួងសួងសុំសេចក្តីសុខ នៅព្រឹកថ្ងៃទី២៤ កញ្ញានេះ ថា ព្រះអង្គមិនបានបញ្ជាឲ្យមានការទាមទារសំណងនោះទេ បើទោះបីជាការព្យាបាលអ្នកម្នាងត្រូវបានចំណាយប្រាក់យ៉ាងច្រើនក៏ដោយ។
ទ្រង់បានមានបន្ទូលបញ្ជាក់ថា “ ការពិតសម្ដេចក្រុមព្រះមិនបានទាមទារអីទេ”។
ប៉ុន្តែទោះបីជាយ៉ាងណា ព្រះអង្គបានលើកឡើងពីតម្លៃសេវាព្យាបាលជំងឺ អ្នកម្នាងអ៊ុក ផល្លា នៅក្នុងប្រទេសថៃគឺ អស់យ៉ាងច្រើន ដែលមានចំនួនច្រើនជាង៣៦ម៉ឺនដុល្លារទៀត។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល