CamNews

តារា 

ហ៊ុន បរិញ្ញា ​ចេញ​ពី​ផលិត​កម្ម Bigman ចូល​សាន់​ដេ សង្ស័យ​អន់​ចិត្ត​នឹង​ការ​មិន​ចេញ​បទ​ចម្រៀង​ឲ្យ

(ភ្នំពេញ)៖ អតីតារាចម្រៀង​ប្រុសវ័យ២៧ឆ្នាំ របស់ផលិត​កម្ម Bigman លោក ហ៊ុន បរិញ្ញា ក្រោ​យ​ពីស្ងប់ស្ងាត់បាត់មុខ មួយរយៈពេលលើវិស័យចម្រៀង ថ្មីៗនេះ ស្រាប់តែធ្លាយ​ដំណឹងថា តារាប្រុសរូបនេះ បានសម្រេចចិត្តចាកចេញ ពីផលិតកម្មចាស់ ដែលធ្លាប់ផ្តល់ដំបូល គឺផលិតកម្ម Bigman ដោយគ្មានភាពស្តាយ​ស្រណោះ​បន្តិចសោះ​ឡើង ខណៈដែលបទចម្រៀង របស់លោកមិ​ន​ត្រូ​វបានចរាចរណ៍ ចេញលក់នៅលើទីផ្សារ ដែលជាដើមចមធ្វើឲ្យតារារូបនេះ ស្ទើរបាត់ឈ្មោះពីទីផ្សា​​រសិល្បៈ។

បើតាមប្រភពផ្លូវការមួយ បានបង្ហើបថា តារាចម្រៀងប្រុសធ្លាប់​មានឈ្មោះល្បីគួរសម លើវិថីសិល្បៈ លោក ហ៊ុន បរិញ្ញា ក្រោយពីរសាត់ចេញពីផលិតកម្ម Bigman បានមួយរយៈពេលខ្លី​លោ​កក៏ឈោងចាប់បាន ឱកាសចូលជាតារាចម្រៀង របស់ផលិតកម្មល្បីឈ្មោះ សាន់ដេ​។ មិនតែ​ប៉ុណ្ណោះ បច្ចុប្បន្នតារាប្រុសរូបសង្ហា លោក ហ៊ុន បរិញ្ញា ក៏ត្រៀមចេញបទចម្រៀង ចំនួន២បទ​ ដើម្បីអង្រួនបេះដូងយុវវ័យ និងដណ្តើមយកទីផ្សារគាំទ្រពីទស្សនិកជន ផងដែរ។

ឆ្លើយតបសំណួររបស់គេហទំព័រ Khmertalking នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ​ តា​រា​ចម្រៀងមានដើមកំណើត ពីទឹកដីខេត្តកំពង់ចាម លោក ហ៊ុន បរិញ្ញា បាននិយាយថា លោក​ពិត​ជា បានចាកចេញពីផលិតកម្ម Bigman ហើយឈោងចូលផលិតកម្ម សាន់ដេ ប្រាកដមែន ​ប៉ុ​ន្តែការចាកចេញពី ផលិតកម្មចាស់ Bigman គឺពុំបណ្តាលមកពីមូលហេតុ ជម្លោះ ឬបញ្ហាអ្វី​នោះ​ឡើយ គ្រាន់តែលោកចង់ប្តូរមកចាប់យកឱកាសថ្មី ជាមួយផលិតកម្ម សាន់ដេ តែប៉ុណ្ណោះ។

តារាប្រុសលោក ហ៊ុន បរិញ្ញា បានបន្តទៀតថា អំឡុងពេលដែលលោកចាប់ផ្តើម ឈាន​ជើង​ចូ​ល​មកផលិតកម្មសាន់ដេ បើគិតរហូតមកទល់ពេលនេះ គឺមានរយៈពេលមួយខ្យល់ធំមក​ហើយ​ ដែលក្នុងនោះបច្ចុប្បន្នលោក ក៏ត្រៀមចេញលក់ CD បទចម្រៀងចំនួន២បទ នៅក្នុងផលិតកម្មសា​ន់ដេ ដោយបទទី១-មានចំណងជើងថា «សារភាពថាបងឈប់ស្រឡាញ់អូន» និងបទទី២ «ក្តីសុខបងគឺអូន ក្តីសុខអូនគឺលុយ​»។

ជាមួយការថ្លែងយ៉ាងដូច្នេះ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មសាន់​ដេ លោក ហ៊ុន បរិញ្ញា បានបញ្ជាក់បន្ថែមថា តាមរយៈបទចម្រៀងចំនួន២បទខាងលើនេះ លោកសង្ឃឹម និងជឿជាក់ថា ក្រោយពីចេញលក់ជា CD និង VCD​ ផ្លូវការ អាចទទួលបានការចាប់អារម្មណ៍គាំទ្រ ពីសំណាក់មិត្ត​ៗយុវវ័យ ព្រោះទាំង២បទ​នេះ​ ភាគច្រើន មានបញ្ចូលមនោសញ្ចេតនា ទាក់ពីជីវិតស្នេហាបែបយុវវ័យ នាសម័យបច្ចុប្បន្ន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Hin Parinha