CamNews

ព័ត៌មានជាតិ 

នគរបាល ស្រុកថ្មពួក ចាប់ចោរ លួចម៉ូតូ ប្រុសស្រី២នាក់

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាន ឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ ប្រុស១ស្រី១ ជាប់ពាក់ព័ន្ធ និងសកម្មភាព លួចម៉ូតូ ហើយយកទៅលាក់ទុក នៅក្នុងចំការដំឡូងមួយ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកថ្មពួក បានថ្លែងឲ្យដឹងថា ក្រោយពីមានករណី លួចម៉ូតូ របស់ ប្រជាពលរដ្ឋរួចមក កម្លាំងនគរបាល ព្រហ្មទណ្ឌ និងកម្លាំង នគរបាល មូលដ្ឋាន បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ជន សង្ស័យ២នាក់ ក្នុងនោះស្រីម្នាក់ ដែលបានយកម៉ូតូ របស់ជនរងគ្រោះ ទៅ លាក់ទុក នៅក្នុងចំការដំឡូងមួយ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤។

មន្រ្តីនគរបាល បានបន្តទៀតថា តាមវិធានការជំនាញ របស់ខ្លួន នគរបាល បានឈានទៅដល់ការចាប់ ជនសង្ស័យទាំងនេះ ខណៈជន សង្ស័យបានទៅ ទិញសាំងយកចាក់ម៉ូតូ ដែលលាក់ទុក នៅក្នុង ចំការ ដំឡូងនោះ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់អត្តសញ្ញាណ ជន សង្ស័យទាំង២នាក់នេះនៅឡើយទេ ដោយរង់ចាំការសួរនាំ បន្តទៀត នៅអធិការដ្ឋាន នគរបាល ស្រុកថ្មពួក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការ តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ និងកម្លាំងនគរបាល តាមបណ្តាស្រុក ចុះទៅចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់  ដែលជាមុខសញ្ញា លួចម៉ូតូមានប្រដាប់អាវុធយ៉ាងសកម្ម ព្រមទាំងដកហូតម៉ូតូមួយចំនួន ផងដែរ៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Banteay Meanchey