ពោធិ៍សាត់៖ ស្នេហាដ៏ស្មោះស្ម័គ្រ ផុសចេញពីក្រអៅបេះដូង កំលោះក្រមុំ ជនជាតិវៀតណាម មួយគូរស់នៅលើផ្ទៃ បឹងទន្លេសាប បានឈានដល់ការ លេបថ្នាំបញ្ចប់ជីវិតទាំងពីរនាក់ ក្នុងថ្ងៃខែឆ្នាំតែមួយ បន្ទាប់ក្តីស្នេហ៍ដែលតាក់តែង កំណត់ដោយធម្មជាតិ ប្រែប្រួលជាឥតន័យ ព្រោះជញ្ជាំងរនាំងវណ្ណៈ របស់អ្នកមានគុណជនជាតិវៀតណាម ចិត្ត ឃោរឃៅគ្មានក្តីមេត្តា។
សពគូស្នេហ៍វ័យក្មេងជនជាតិវៀតណាម ផ្ញើជីវិតលើដែនទន្លេសាបរបស់កម្ពុជា ត្រូវបានប្រជានេសាទប្រទះឃើញ នៅម៉ោង ១២កណ្តាលអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើទូកក្នុងព្រៃរបោះលើផ្ទៃ បឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទាំងរូបកាយឱបគ្នាយ៉ាងស្អិតល្មួត បេះស្ទើរមិនរបេះ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសស្មោះស្នេហ៍ ឈ្មោះ ប៊ុន ហាង អាយុ ២០ឆ្នាំ រីឯនារីចិត្តស្ម័គ្រភក្តី មានឈ្មោះ វិន ធី ថរ អាយុ ១៨ឆ្នាំ។
បើតាមសាច់ញាតិប្រាប់សមត្ថកិច្ច បានឲ្យដឹងថា គូរស្នេហ៍វ័យក្មេងនេះ បានចាប់ចិត្តស្រឡាញ់ប្រតិព័ទ្ធជាមួយគ្នា អស់រយៈមួយឆ្នាំមកហើយ ប៉ុន្តែឪពុកម្តាយមិនបំពេញបំណងរបស់ពួកគេឡើយ ព្រោះតែវណ្ណៈខុសគ្នា។
សមត្ថកិច្ចបានបន្តថា ដោយសារភ្លើងស្នេហ៍ ដែលបានបង្កាត់ និងឆាបឆេះរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រែជា អស់ន័យ ព្រោះតែជញ្ជាំងវណ្ណៈនោះ បុរសបេះដូងស្មោះ និងនារីចិត្តស្ម័គ្រភក្តី បាននាំគ្នាអុំទូកចូលទៅក្នុងព្រៃរបោះ ហើយនាំគ្នាលេបថ្នាំទាំងពីរនាក់តែម្តង៕
ផុ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល