CamNews

ព័ត៌មានជាតិ 

កើតជម្លោះ នៅក្នុងហាង ពេលចេញ បើករថយន្តដេញបុក របួសធ្ងន់២នាក់

រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយសារ តែរថយន្តបើកដេញបុកម៉ូតូ បណ្តាលឲ្យ របួសធ្ងន់២នាក់ កាលពីវេលាម៉ោង២២និង៤៨នាទី យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ត្រង់ចំណុចអូរថ្ម ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។ ភ្លាមៗនោះ ដែលសមត្ថកិច្ច មូលដ្ឋានចុះ ទៅដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ។

សាក្សីនៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ពួកគេបានឃើញ ម៉ូតូមួយគ្រឿង ជិះគ្នា២នាក់ មានទិសដៅពីត្បូង ទៅជើង និងរថយន្តមួយគ្រឿង បើកស្របទិសដៅគ្នា ពោលគឺពីទីរួមក្រុងបានលុង ទៅទីរួមស្រុកអូរជុំ ។

សមត្ថកិច្ច មូលដ្ឋាន ប្រាប់ឲ្យដឹងថា រវាងអ្នកជិះម៉ូតូ និងអ្នកបើករថយន្ត មានជំលោះនឹងគ្នា ក្នុងហាងផឹកស៊ី ក្នុងទីរួមក្រុងបានលុង ហើយបន្ទាប់មកអ្នកជិះម៉ូតូ បើកចេញពីហាងរួច អ្នកបើករថយន្ត បើកដេញតាមក្រោយ រួចបុកម៉ូតូឲ្យដួលតែម្តង ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់បន្តទៀតថា ម៉ូតូជនរងគ្រោះ ម៉ាករីវ៉ូ ពណ៌ស លាយខ្មៅ គ្មានស្លាកលេខ បើកដោយឈ្មោះ ណៃ ង្រឿង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិគ្រឹង រងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយឈ្មោះសាន់ មឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិគ្រឹង រងរបួសធ្ងន់ អ្នកទាំងពីរស្នាក់នៅភូមិល្អក់ ឃុំអូរជុំស្រុកអូរជុំ ជាមួយគ្នា។ ចំណែកឯអ្នកបើករថយន្ត មិនស្គាល់ម៉ាក បន្ទាប់ពីបើកបុកជនរងគ្រោះ ហើយ ក៏បើករថយន្ត ត្រឡប់ ក្រោយចូលក្រុងបានលុងវិញ គេចខ្លួនបាត់តែម្តង ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះខាងលើ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍អូរជុំ ស្រុកអូរជុំ នាំយកទៅរក្សាទុក ដើម្បីស្វែង រកអ្នកបើករថយន្តបង្កខាងលើ មកដោះស្រាយតាមច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News