CamNews

ព័ត៌មានជាតិ 

ប្រទះឃើញគ្រាប់បេ ទម្លាក់ពីលើយន្តហោះ សម័យសង្គ្រាមលន់ នល់ មួយគ្រាប់ប្រវែងជាង២ម៉ែត្រ នៅក្រុងសួង

ត្បូងឃ្មំ៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា គ្រាប់បេទម្លាក់ពីលើយន្តហោះចម្បាំង សម័យសង្គ្រាម លន់ នល់ មួយគ្រាប់ដ៏ធំ ត្រូវបានរកឃើញកប់ នៅក្នុងដីរបស់ប្រជាពលរដ្ឋ ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ហើយ នៅព្រឹកថ្ងៃនេះ ក្រុមស៊ីម៉ាក់ បាននឹងកំពុងរៀបចំដឹកយកចេញ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា គ្រាប់បេនេះជាប្រភេទគ្រាប់ MK82 កប់សល់ពីសម័យសង្គ្រាម ទសវត្សរ៍ឆ្នាំ៧០ មានបណ្តោយគ្រាប់ប្រវែង ២.៨ម៉ែត្រ ទទឹងប្រមាណ ០.៣ម៉ែត្រ និងទំងន់ ២២៧គីឡូក្រាម ។

បើតាមលោកឧត្តមសេនីយ៍ គ្រាប់បេមួយគ្រាប់នេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ មកនគរបាលរបស់លោកថា កប់នៅក្រោមដី ក្នុងបរិវេណផ្ទះ របស់ពួកគាត់ ពេលនោះលោកបានរាយការណ៍ទៅក្រុមស៊ីម៉ាក់ មកជីកយកអស់រយៈ ពេលមួយសប្តាហ៍មកហើយ ទើបយកបានកាលពីល្ងាចមិញ ហើយគ្រាប់បេនេះ នៅមានដំណើរការនៅឡើយទេ។

លោកស្នងការ សូមអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ដល់ កម្លាំងសមត្ថកិច្ចរបស់លោក បើសិនប្រទះឃើញអាវុធយុទ្ធភ័ណ្ឌផ្សេងៗ ជៀសវាងការប៉ះពាល់ដល់អាយុជីវិតរបស់ខ្លួន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Tbong Khmum