ភ្នំពេញ៖ រាជរដ្ឋាភិបាល ប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្ត្រីរាជការ, និស្សិត និងសិស្ស កម្ពុជា ទៅបន្តការសិក្សា នៅទីនោះ នាខែមេសា ឆ្នាំ២០១៥ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ ក្រសួងអប់រំ ដែល មជ្ឈមណ្ឌល ព័ត៌ដើមអម្ពិល ទទួលបាននៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ ។
សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ បានឲ្យដឹងថា អាហារូបករណ៍ទាំង ៤កម្រិត រួមមាន ថ្នាក់សិក្សាក្រោយ ឧត្តមសិក្សា, ថ្នាក់ឧត្តមសិក្សា, ថ្នាក់មធ្យមសិក្សា បច្ចេកទេស និងថ្នាក់បណ្តុះបណ្តាល វិជ្ជាជីវៈ ។
ក្នុងនោះក៏បាន បញ្ជាក់ផងដែរថា ការផ្តល់អាហារូបករណ៍ ភាគីមិត្ត (រាជរដ្ឋាភិបាលជប៉ុន) តម្រូវឲ្យបេក្ខជនទាំងអស់ ត្រូវប្រឡងសិន ហើយត្រូវចេះ ភាសាអង់គ្លេស និងភាសា ជប៉ុនជ្រៅជ្រះ ។
សូមបញ្ជាក់ថា សំណុំឯកសារត្រូវ បំពេញ មានពាក្យសុំ អាហារូបករណ៍ ១ច្បាប់, ជីវប្រវត្តិ រូបសង្ខេប ១ច្បាប់, រូបថត ៤x៦ ១ច្បាប់, សញ្ញាបត្របរិញ្ញបត្រ ឬសញ្ញាបត្រ សមមូលថតចម្លង សម្រាប់បេក្ខជន ចូលរួមថ្នាក់ក្រោយ ឧត្តមសិក្សា, លិខិតឧទ្ទេសនាម ពីថ្នាក់ក្រសួង (ចំពោះបេក្ខ ជនជាមន្ត្រីរាជការ), សញ្ញាបត្រមធ្យមសិក្សា ឬសញ្ញាបត្រ សមមូល ថតចម្លង ១ច្បាប់ (បញ្ជាក់ ពីសាលាខេត្ត រាជធានី) និងភ្ជាប់មកជាមួយ នូវច្បាប់ដើម ដើម្បីផ្ទៀងផ្ទាត់ ចំពោះបេក្ខជន ថ្នាក់ ឧត្តមសិក្សា មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ សេចក្តីបញ្ជាក់ពីគ្រឹះ ស្ថានឧត្តមសិក្សា ឬគ្រឹះស្ថាន មធ្យមសិក្សា បច្ចេកទេស (ចំពោះបេក្ខជន និស្សិតកំពុងសិក្សា នៅតាមគ្រឹះស្ថានទាំងនោះ) ៕