CamNews

ព័ត៌មានជាតិ 

ដាំ វុទ្ធី: រយៈពេល១១ខែ នៃឆ្នាំ២០១៣នេះ មានពលរដ្ឋខ្មែរ រហូតដល់៣៧នាក់ហើយ ត្រូវសមត្ថកិច្ចថៃ បាញ់សម្លាប់

បន្ទាយមានជ័យ៖  លោកឧត្តមសេនីយ៍ឯក ដាំ វុទ្ធី អគ្គស្នងការរង នគរបាលជាតិ បានថ្លែងថា រយៈពេល១១ ខែ នៃឆ្នាំ២០១៣នេះ មានពលរដ្ឋខ្មែរ រហូតដល់ ៣៧នាក់ហើយ ដែលត្រូវសមត្ថកិច្ចថៃ បាញ់សម្លាប់ ពេលដែលពួកគាត់ឆ្លងដែនខុសច្បាប់ និងឡើងទៅកាប់ឈើ គ្រញូងលើភ្នំ តាមព្រំដែន។

ការថ្លែងនេះ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលប្រជុំនៃទីបញ្ជា ការវរសេនាតូច នគរបាលការពារព្រំដែន គោកលេខ៩១១ ដែលមានលោក សូ ចាន់ណារី ជាមេបញ្ជាការ ខណៈដែលលោកឧត្តមសេនីយ៍ អញ្ជើញជាអធិបតីភាពក្នុងពីធី ប្រកាសសេចក្តី សម្រេចស្តីពីការកែសម្រួលសមាសភាព គណៈបញ្ជាការស្រាល នគរបាលជាតិប្រចាំភូមិភាគ៥ ។ ក្នុងនោះក៏មានការបញ្ជូល ប្រធានប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ នៃច្រកអន្តរជាតិចំនួន០៣ ជាអនុប្រធាន មានច្រកអន្តរជាតិប៉ោយប៉ែត ច្រកដូង និងច្រកព្រំ និងមេបញ្ជាការវរសេនាតូច ការពារព្រំដែនចំនួន១០ ជាសមាជិក ដែលមកពី ខេត្តចំនួន4 គឺខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងពោធិ៍សាត់។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ឯក ដាំ វុទ្ធី ក៏បានព្រមានគ្រប់មេបញ្ជាការ និងពលនគរបាលទាំង១០ វរសេនាតូចការពារព្រំដែនគោក ទាំងអស់ ត្រូវលុបបំបាត់រាល់ភាព អសកម្មរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នោះទេ នឹងកើតមានបទល្មើស តាមព្រំដែនជាមិនខាន ។ នគរបាល ទាំងអស់ដែលឈរជើង តាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវត្រួតពិនិត្យរាល់សភាពការណ៍ តាមព្រំដែនជាប្រចាំ បង្កើតឲ្យមានវគ្គហ្នឹកហ្វឺន ដល់កង កម្លាំងរយៈពេលខ្លី ស្តីពីយុទ្ធវីធីទ័ព ដើម្បីពង្រឹងសមត្ថភាព រក្សាបាននូវសណ្តាប់ធ្នាប់ សារធារណៈ និងសន្តិសុខជូនប្រជាពលរដ្ឋ និងការពារ បូរណភាពទឹកដីមិនឲ្យសត្រូវ ជិតខាងឈ្លានពាន ទឹកដី របស់យើង។

អគ្គស្នងការរងរូបនេះ ក៏បានអំពាវនាវ ដល់បណ្តាអស់លោកមេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលនគរបាល នៃវរនគរបាលការពារព្រំដែនគោក ទាំង១០ ត្រូវមានកិច្ចសហការល្អ ជាមួយទាហានតាមព្រំដែន រួមគ្នាទប់ស្កាត់បទល្មើសធំៗចំនួន៣ គឺ ១៖ បទល្មើស ឆ្លងដែនខុសច្បាប់ ២៖ បទល្មើសចរាចរទំនិញគេចពន្ធ និង៣៖ បទល្មើសជួញដូរឈើគ្រញ៉ូងតាមព្រំដែន ៕

ផ្តល់សិទ្ធិដោយ៖​ ដើមអម្ពិល


Tags: National News