CamNews

ព័ត៌មានជាតិ 

ស្រ្តីអ្នកបម្រើ យកអង្រែបុកគ្រឿង វាយស្រ្តីម្ចាស់ផ្ទះ ប្លន់យក លុយ និងគ្រឿងអល្លង្កា

ភ្នំពេញ : នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួន ស្រ្តីម្នាក់ ក្រោយយកអង្រែបុកគ្រឿង ទៅវាយ ស្រ្តីចំណាស់ ម្ចាស់ផ្ទះ ក្រោយធ្វើសកម្មភាពប្លន់ យកលុយ និងគ្រឿងអល្លង្កា កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ស្ថិត នៅផ្ទះលេខ២៧A5 ផ្លូវ លេខ៣១៣ ភូមិ៧ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ដែលស្រ្តីដៃដល់ គឺជាអ្នកបម្រើ នៅផ្ទះកើតហេតុ។

នគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា ស្រ្តីសង្ស័យឈ្មោះ ហង្ស ចន្ថា អាយុ ៣៦ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំដំណាក់ចង្អើរ ស្រុកកំពង់ត្រាច ខេត្ត កំពត ។ រីឯជនរងគ្រោះ អ៊ីម ស៊ុនទី អាយុ៧២ឆ្នាំ។

តាមមន្រ្តីនគរបាល បានបញ្ជាក់ថា តាមដំណើររឿង កាលពីខែ ឨសភា ឆ្នាំ២០១៥ ជន សង្ស័យធ្លាប់មកសុំបំរើការងារ នៅផ្ទះជនរងគ្រោះបានបីថ្ងៃ បានសុំឈប់ លុះថ្ងៃនេះ ស្រាប់តែមកផ្ទះជនរងគ្រោះ ដោយសារឃើញជនរងគ្រោះ នៅតែម្នាក់ឯង ជនសង្ស័យ បានអូសជនរងគ្រោះចូលផ្ទះ ទាញទ្វារបិត គំរាមជនរងគ្រោះ ដោយយកអង្រែវាយកញ្ចឹង កបន្ទាប់មកប្រមូលយកលុយ និងដោះយក ជញ្ជៀនជនរងគ្រោះ ភ្លាមនោះ អ្នកជិតខាងបានឃើញ បានរាយការណ៍មកសមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាក់ស្តែងតែម្តង ។

ក្រោយការចាប់ខ្លួន ស្រ្តីសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP