CamNews

ព័ត៌មានជាតិ 

អ.ហ សហការជាមួយ នគរបាលខេត្ត ព្រះសីហនុ បន្តចុះអនុវត្ត បញ្ឈប់ការ ធ្វើអាជីវកម្ម ស៊ីសា

ព្រះសីហនុៈ សមត្ថកិច្ច កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ សហការជាមួយកំលាំងនគរបាលជំនាញ នៃស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យ និងដកហូតវត្ថុតាងជក់ស៊ីហ្សា នៅហាងមួយកន្លែង ក្នុង ក្រុងព្រះសីហនុ ។

លោកវរសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការអាវុធហត្ថក្រុងព្រះសីហនុ បានមានប្រសាសន៍ថា អនុវត្តតាម សេចក្ដីណែនាំលេខ ០០១/១៤ ស.ណ.ន.អ.ជ.ប.ត.ញ ចុះថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៤ របស់ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទបញ្ជាលេខ ០១/២០១៤ប.ជ ចុះថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៤ របស់កង រាជអាវុធហត្ថលើផ្ទៃប្រទេស និងជាពិសេសការប្រកាសដាក់បទបញ្ជាដោយផ្ទាល់មាត់ ជាសាធារណៈ ពីសំណាក់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែនដែលតម្រូវឱ្យអាជីវកម្មទាំងឡាយ ត្រូវបញ្ឈប់ ទាំងស្រុងនូវការរកស៊ីបើក ស៊ីហ្សា Sisha និង E-Cigarette នៅទូទាំងប្រទេសកម្ពុជានោះ ។

លោកឧត្តមសេនីយ៍ត្រី ហ៊ាង និន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងលោកវរសេនីយ៍ឯក ហេង ប៊ុនទី មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន ចេញបញ្ជារអោយលោកដឹកនាំកំលាំងអាវុធហត្ថក្រុង ចុះទៅសហការជាមួយលោកវរសេនីយ៍ទោ សាន់ ប៊ុនថន នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១ ខែមិនា ឆ្នាំ២០១៤ វេលាម៉ោង ២២និង២៥នាទី បានចុះអនុវត្តបញ្ឈប់ការធ្វើអាជីវកម្មជក់ស៊ីហ្សា នៅហាងមួយ កន្លែងនៅឆ្នេរអូរត្រេះ ឈ្មោះហាង អូស៊ីន (0CEAN)  ស្ថិតនៅក្រុម៥ ភូមិ៦ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន៖ បំពង់ជក់ស៊ីហ្សា ចំនួន២ និងដំណាប់ស៊ីហ្សា ចំនួន៥ប្រអប់ ហើយក្នុងនោះយើង ក៏ បានអោយតំណាងម្ចាស់ហាងឈ្មោះដួង សែនធារិទ្ធិ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នៈ ស្នាក់នៅក្នុងក្រុម៥ ភូមិ៦សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មលក់ ស៊ីហ្សា Sisha និង E-Cigarette ជាមួយគ្នាផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news