ភ្នំពេញ៖ កិច្ចប្រជុំជាលើកទី២ រវាងក្រសួងការងារ និងបណ្តុះបណ្តាល និងតំណាងសហជីពទាំង៦ ដែលជំទាស់ទៅនឹងការដំឡើង ប្រាក់ឈ្នួលកម្មករ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣នេះ ដែលពុំមានវត្តមាន របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ចប់ហើយ ដោយពុំមានលទ្ធផលល្អ តាមការទាមទាររបស់តំណាងសហជីពទេ។
លោក អុំ មានរដ្ឋលេខាធិការក្រសួងការងារ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះថា តំណាងសហជីពទាំង៦ នៅតែទាមទារ ប្រាក់ខែគោល១៦០ដុល្លារ ដដែល ដែលកិច្ចប្រជុំមិនអាចធ្វើតាមសំណើ របស់ពួកគាត់បានទេ ។ លោកបន្តថា បន្ទាប់ពីកិច្ចប្រជុំនេះរួចហើយ លោក នឹងពាំនាំសំណើ របស់ពួកគាត់ ទៅជម្រាបលោករដ្ឋមន្រ្តីក្រសួងការងារ ហើយចំពោះការជួបប្រជុំគ្នាពេលក្រោយនោះ មិនទាន់កំណត់ថ្ងៃណាច្បាស់លាស់នៅឡើយទេ។
ចំណែក លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើកម្មករពុំទទួលប្រាក់ឈ្នួលប្រចាំខែ១៦០ដុល្លារនោះទេ លោក នឹងដឹកនាំកម្មករធ្វើកូដកម្មរហូតទាល់តែ បានប្រាកខែតាមតម្រូវរបស់កម្មករ។
ដោយឡែក លោក ជួន មុំថុល ប្រធានសហជីព មន្ត្រីរាជការកម្ពុជា បានថ្លែងឲ្យដឹងដែរថា បើពួកគេនៅតែរឹងទទឹងក្នុងការធ្វើបាតុកម្មនោះ លោកក៏នឹងដឹកនាំកម្មករ ធ្វើកូដកម្មប្រឆាំង ទៅនឹងការទាមទាររបស់សហជីពទាំងនោះផងដែរ។
ជាការឆ្លើយតប លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ(ស៊ីខាដូ) បានថ្លែងបញ្ជាក់ថា ក្នុងករណីដែលលោកជួន មុំថុល មានបំណងធ្វើកូដកម្ម វាមិនអាចទៅរួចនោះទេ ពីព្រោះភាគច្រើនកម្មករបាននាំគ្នា ចូលរួមតវ៉ាជាមួយសហជីពរបស់លោកហើយ ដោយសារតែពួកគេចង់បានប្រាក់ខែ១៦០ដុល្លារបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេ។
នៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះ បន្ទាប់ពីមិនបានលទ្ធផលល្អ តាមការទាមទាររបស់កម្មករនោះ ពួកកម្មករជាច្រើនម៉ឺននាក់ បាននាំគ្នាបិទផ្លូវសហព័ន្ធរុស្ស៊ី និងនាំគ្នាដង្ហែក្បួនមកកាន់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។
សហជីពទាំង៦ ដែលចូលរួមប្រជុំរួមមាន ទី១- សម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ របស់ លោក អាត់ ធន , ទី២- សហជីពសេរី កម្មករ នៃព្រះរាជាណាចក្រ កម្ពុជា របស់លោក ជា មុន្នី , ទី៣- សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ទី៤- ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា, ទី៥- សហព័ន្ធ សហជីពជាតិ នៃ ឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរកម្ពុជា របស់លោកស្រី ម៉ម ញឹម , និងទី៦-ប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សោភ័ណ្ឌ។
កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ក្រសួងការងារបានជួបប្រជុំ ជាមួយតំណាងសហជីពទាំង៦ម្តងរួចមកហើយ ដោយរដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានស្នើ ឲ្យសហជីព បញ្ឈប់សកម្មភាពធ្វើកូដកម្ម ខណៈតំណាងសហជីពទាំង៦ បានស្នើទៅ វិញថា ឲ្យរកដំណោះស្រាយ ការដំឡើងបានសមរម្យសិនទើបអាចផ្អាកសកម្មភាពបាតុកម្មទាំងអស់បាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ក្រសួងការងារបានបើកកិច្ចប្រជុំមួយ អំពីការដំឡើងប្រាក់ឈ្នួលកម្មករ ដោយកិច្ច ប្រជុំបាន សម្រេចដំឡើង ប្រាក់ឈ្នួល នៅឆ្នាំ ២០១៤ដំឡើង ១៥ដុល្លារ បូកប្រាក់ ខែចាស់ ៨០ដុល្លារ ស្មើនឹង ៩៥ ដុលា្លរ (៨០+១៥) , ឆ្នាំ២០១៥ ដំឡើង១៥ដុល្លារ ស្មើនឹង១១០ដុល្លារ (៩៥+១៥), ឆ្នាំ២០១៦ដំឡើង ១៦ដុល្លារ ស្មើនឹង ១២៦ដុល្លារ (១១០+១៦), ឆ្នាំ២០១៧ដំឡើង ១៧ដុល្លារ ស្មើនឹង ១៤៣ដុល្លារ (១២៦+១៧) , និងឆ្នាំ ២០១៨ ដំឡើង ១៧ដុល្លារ ស្មើនឹង១៦០ ដុល្លារ (១៤៣+១៧) ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល