CamNews

ព័ត៌មានជាតិ 

លួចសហាយ ស្មន់ជាមួយ ប្រពន្ធគេ ប្ដីដឹង តាមកាប់សម្លាប់

ភ្នំពេញ ៖ ករណីឃាតកម្ម បង្កឡើងដោយ មនុស្សមួយ ក្រុមមានគ្នា ជិត១០នាក់ នាំគ្នា ជិះម៉ូតូទៅ កាប់បុរសម្នាក់ បណ្ដាលឱ្យរង របួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់ ពេលកំពុង ជួយសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត កាល ពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យនោះ ដំបូងឡើយ គេនឹកស្មានថា ជារឿង ដណ្ដើមស្រីគ្នាធម្មតា ។ ប៉ុន្ដែក្រោយពីការ សួរនាំសាក្សីនិងប្រជាពលរដ្ឋ នៅក្បែរផ្ទះ ជួលជនរងគ្រោះរួចមក ទើបដឹងថា សកម្ម ភាពកាប់ ប្រហារគ្មានមេត្ដានោះ គឺពាក់ព័ន្ធ និងលួចស្នេហាជាមួយប្រពន្ធគេបន្ទាប់ពីខ្លួន បានលែងលះប្រពន្ធដើម នៅស្រុកកំណើត រួចហើយមករកការងារនិងរកអនាគតថ្មី នៅភ្នំពេញ ។ ភាគីក្រុមជនបង្កគឺជាប្ដីរបស់ ស្ដ្រី ដែលលួចបង្កាត់ភ្លើងស្នេហ៍លួចលាក់ ជាមួយជនរងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់ ពីសមត្ថកិច្ចក៏ ដោយនោះប៉ុន្ដែ ប្រភពព័ត៌ មានមួយចំនួន និងប្រជាពលរដ្ឋនៅក្បែរ កន្លែងកើតហេតុបាននិយាយថា អ្នកដែល ហ៊ានធ្វើសកម្មភាព បែបនេះទៅលើជនរង គ្រោះ គឺដោយសារតែក្នុងចិត្ដ មានការខឹង សម្បារយ៉ាងខ្លាំងជាពិសេសនោះ មិនអាច អត់ធ្មត់បាននៅពេលដឹងថា ប្រពន្ធរបស់ខ្លួន លួចមានសហាយស្មន់ជាមួយជនរងគ្រោះ ។

សូមបញ្ជាក់ថា បើតាមអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់បាន ថ្លែងថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៤ មានជនបង្កប្រ មាណ៨នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ ដោយកាំបិតប៉័ងតោ បានទៅធ្វើសកម្មភាព កាប់ប្រហារបុរសម្នាក់ ដល់ក្នុងផ្ទះបណ្ដាល ឱ្យហូរឈាមដាបលើដី រងរបួសយ៉ាងធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹង ត្រូវបានក្រុមសង្គ្រោះរបស់ អង្គភាព ៧១១ ជួយដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។ ប៉ុន្ដែប្រភពព័ត៌ មានពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ក្រោយពីបញ្ជូននិងកំពុងសង្គ្រោះ នៅមន្ទីរ ពេទ្យកាល់ម៉ែត ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់ ដោយសារតែមុខរបួសមានសភាពធ្ងន់ ធ្ងរខ្លាំងពេក ពោលឈាមហូរស្ទើរខ្សោះពី ខ្លួន ។

ជុំវិញសកម្មភាពកាប់ប្រហារ គ្មានញញើត ដៃខាងលើនេះ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលជាសាក្សីនៅក្បែរកន្លែងកើតហេតុ បាន រៀបរាប់ពីដំណើររឿងឱ្យដឹងថា ជនរងគ្រោះ ឈ្មោះអ៊ុយ អាយ អាយុ២៧ឆ្នាំ គឺជាបុរស ពោះម៉ាយ ក្រោយពីរូបគេបានលែងលះប្រ ពន្ធអស់រយៈពេល២ឆ្នាំមកហើយ នៅឯស្រុក កំណើត គឺនៅភូមិក្រឡោង ឃុំទឹកថ្លា ស្រុក ស្វាយអន្ទរ ខេត្ដព្រៃវែង ។ ក្រោយពីលែង លះប្រពន្ធរួចមក ជនរងគ្រោះបានស្កាត់មក រាជធានីភ្នំពេញ រួចចូលបម្រើការងារជាកម្មករ រោងចក្រ ដោយស្នាក់នៅផ្ទះជួលនៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ពេល មកធ្វើជាកម្មកររោងចក្រ ជនរងគ្រោះបាន លួចមានទំនាក់ទំនងស្នេហាជាមួយស្ដ្រីម្នាក់ ឈ្មោះកិ ស្រីមុំ អាយុ៣០ឆ្នាំ ដែលធ្វើជាកម្ម ការិនីកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅជាមួយជនរងគ្រោះផងដែរ ។

ប្រភពព័ត៌មានខាងលើ បានឱ្យដឹងទៀត ថា ក្រោយពីទំនាក់ទំនងនិងលួចបង្កាត់ភ្លើង ស្នេហ៍ ក្រៅឆាកដោយលួចលាក់ជាមួយគ្នា រហូតព្រមប្រគល់ខ្លួនប្រាណឱ្យគ្នាទៅវិញទៅ មកនោះ បានបង្ខំឱ្យស្ដ្រីឈ្មោះមុំ ដែលមានប្ដី បានសម្រេចចិត្ដចុះចេញពីផ្ទះ មករស់នៅជា មួយជនរងគ្រោះ ។ ប៉ុន្ដែដោយសារតែប្ដី របស់ស្ដ្រីឈ្មោះមុំ ដឹងនិងតាមយ៉ាងប្រគៀក ប្រកិតរួចមក បានបង្ខំឱ្យជនរងគ្រោះដែល លួចលាក់និងរស់នៅជាមួយប្រពន្ធរបស់គេ បានសម្រេចចិត្ដបោះបង់ចោលការងារជា កម្មកររោងចក្រ ហើយទៅធ្វើជាកម្មករសំណង់ ដោយជួលផ្ទះស្នាក់នៅក្នុងភូមិត្រញំង ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើឱ្យរូបគេបានឃ្លាតកាយពីស្រីស្នេហ៍ ប៉ុន្ដែ ការទំនាក់ទំនងគ្នាតាមទូរស័ព្ទ និងលួចជួប គ្នាម្ដងម្កាល នៅតែបន្ដមិនដែលអាក់ខាន នោះឡើយ ។

ប្រភពព័ត៌មានខាងលើ បានបន្ដថា ដោយ សារតែការបង្កាត់ភ្លើងស្នេហ៍ រវាងជនរង គ្រោះ និងស្ដ្រីឈ្មោះមុំ ធ្វើឱ្យបែកធ្លាយនិង ដឹងគ្រប់ៗគ្នានោះ ប្ដីរបស់ស្ដ្រីឈ្មោះមុំ មាន ភាពអាម៉ាស់យ៉ាងខ្លាំង ចំពោះមិត្ដភក្ដិនិង អ្នករស់នៅក្បែរខាង ក៏កើតជាគំនិតរៀបចំ គម្រោងធ្វើបាបនិងសម្លាប់ជនរងគ្រោះតែ ម្ដង រហូតនាំគ្នាទៅកាប់ប្រហារទាំងកណ្ដាល ថ្ងៃដល់ក្នុងផ្ទះជនរងគ្រោះ បង្កឱ្យមានការ ភ្ញាក់ផ្អើល ប៉ុន្ដែក្រោយធ្វើសកម្មភាពរួចមក ជនបង្កទាំងនេះ បានគេចខ្លួនអស់ខណៈដែល ជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្ដ សង្គ្រោះបន្ទាន់ដឹងទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្ដែបានដាច់ខ្យល់ស្លាប់នៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ ទៅហើយ។

បើតាមប្រជាពលរដ្ឋជាសាក្សី បានបញ្ជាក់ ថា ក្រោយពីកាប់ប្រហារយ៉ាងចាស់ដៃដោយ ប្រើកាំបិតប៉័ងតោទៅលើជនរងគ្រោះរួចមក ជនបង្កទាំងនេះ ថែមទាំងឆ្លៀតឱកាសប្រមែ ប្រមូលសម្ភារៈនិងទ្រព្យសម្បត្ដិ ដែលនៅ ជាប់ខ្លួនជនរងគ្រោះ ដូចជា ទូរស័ព្ទជាដើម យកទៅអស់ ។

យុវជនម្នាក់ឈ្មោះរ៉ូ សារុន អាយុ១៧ឆ្នាំ ដែលជាកម្មករសំណង់ និងជាសាច់ញាតិស្នាក់ នៅជាមួយជនរងគ្រោះ បាននិយាយថា រូប គេមិនបានដឹងពីដំណើររឿងរវាងជនរងគ្រោះ និងជនបង្កនោះទេ ព្រោះតែរូបគេទើបនឹង មកធ្វើការបានពីរបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជន រងគ្រោះ បានទាក់ទងនឹងហៅពីស្រុកកំណើត មកធ្វើការនៅភ្នំពេញ ។

ជុំវិញអំពើឃាតកម្មកាប់ប្រហារគ្មាន ញញើតដៃខាងលើនេះ ស្នងការរងនគរបាល រាជធានីភ្នំពេញ និងជាប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌ លោកជួន ណារិន្ទ បានឱ្យ ដឹងថា លោកបានបញ្ជាឱ្យកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌបើកការស្រាវជ្រាវ ដើម្បី ឈានទៅដល់ការចាប់ខ្លួនជនបង្កទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news