CamNews

ព័ត៌មានជាតិ 

ច្បាប់ចំនួន ៤ ត្រូវអនុវត្ត ក្នុងការប្រឡង មធ្យមសិក្សា ទុតិយភូមិឆ្នាំនេះ

ភ្នំពេញ ៖ បេក្ខជន ដែលត្រូវប្រឡង ធម្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា២០១៣-២០១៤ ពេលខាងមុខ ត្រូវអនុវត្តច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា ចំនួន ៤ ឲ្យបានម៉ឺងម៉ាត់ និង មិនត្រូវរំលោភបំពានឡើយ ។

យោងតាមសេចក្តីណែនាំ ដែលចុះហត្ថលេខា ដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃ ព្រហស្ប៍ ទី២៤ ខែកក្កដានេះ បានឲ្យដឹងថា ច្បាប់ស្តីពីការអប់រំ, ច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រី រាជការស៊ីវិល, ច្បាប់ក្រមព្រហ្មទណ្ឌ និង ច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ ត្រូវដាក់ឲ្យអនុវត្ត នៅពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ។

សេចក្តីណែនាំបន្តថា បន្ថែមពីលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញ បទប្បញ្ញត្តិ, សេចក្តី ណែនាំផ្សេងៗ ស្តីពីការប្រឡងបាក់ឌុបនេះដែរ ដែលិខិតបទដ្ឋានទាំងនោះ ហើយ តម្រូវឲ្យគ្រប់រូបគោរព និងអនុវត្តឲ្យបានត្រឹមត្រូវមិនអាចបំពានបាន។

ប្រភពដដែល បានបញ្ជាក់ថា មានតែច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយប៉ុណ្ណោះ ដែលស្ថិតក្រោម សមត្ថកិច្ច របស់ ACU មានដូចជា បទល្មើស សូក, បទល្មើសទារ ឬទទួលសំណូក, បទល្មើសវិតិក្រម, បទល្មើសរំលោភអំណាច ដែល ACU ចាត់វិធានការដោយផ្ទាល់ និងដោយត្រង់ ហើយបទល្មើសទៅនឹង ច្បាប់ផ្សេងពីនេះ និង បទល្មើសទៅនឹងបទប្បញ្ញត្តិ នានារបស់ក្រសួងអប់រំ យុវជន និងកីឡា ACU និងអ្នក ស្ម័គ្រចិត្ត ត្រូវរាយការណ៍ជូនទៅក្រសួងអប់រំ ។

សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៤-៥ ខែសីហា ឆ្នាំ២០១៤ ខាងមុខនេះ នឹងមានអ្នកអង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុក រលួយ, អ្នកស្ម័គ្រចិត្ត, សង្គមស៊ីវិល, និងបុគ្គលឯកជននានា ធ្វើជាអ្នកសង្កេតការណ៍ ក្នុង គោលបំណងធ្វើឲ្យច្បាប់នានា របស់រដ្ឋនិងបទប្បញ្ញត្តិ ទាំងឡាយ ត្រូវអនុវត្តយ៉ាងពេញ ទំហឹង បង្កការងាយស្រួល និងទម្លាប់ថ្មីដល់ក្រសួងអប់រំ ក្នុងកិច្ច ប្រតិបត្តិការ មុខងាររបស់ខ្លួន៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news