CamNews

ព័ត៌មានជាតិ 

រថយន្តស៊ីអរវី និងម៉ូតូស្មាស បុកគ្នារងរបួសធ្ងន់ម្នាក់ នគរបាលខឹងរថយន្ត សង្រ្គោះយឺតយ៉ាវ បាញ់ផ្អើល

ភ្នំពេញ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនាពេលរាត្រី រថយន្តស៊ីអរវី និងម៉ូតូស្មាស់បុកគ្នាពេញទំហឹង បណ្តាលឲ្យ បុរសម្នាក់ រងរបួសធ្ងន់ធ្ងរ តាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីម៉ោង ១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៤។ គ្រោះថ្នាក់ចរាចរនេះ ក៏បណ្តាលឲ្យ មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ ផ្ទុះការខឹងសម្បារ ព្រោះរថយន្តសង្រ្គោះយឺតយ៉ាវនោះ បានដកកាំភ្លើងបាញ់ ឡើងលើធ្វើឲ្យភ្ញាក់ផ្អើលកន្លែង កើត ហេតុទាំងយប់ផងដែរ។

ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង រវាងរថយន្តម៉ាកស៊ីអរវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-9816 បុកគ្នាជាមួយម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ 1M-0285 នៅចំណុចផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ កុម្ភះ ឆ្នាំ២០១៤ ។   

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កម៉ាកស៊ីអរវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-9816 បានធ្វើដំណើរតាមបណ្តោយវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង។ រីឯម៉ូតូស្មាស ពណ៌ខ្មៅ ពាក់ ស្លាកលេខ 1M-0285 ធ្វើដំណើរបញ្រ្ចាសទិសគ្នាជាមួយរថយន្ត។ លុះដល់កន្លែងកើតហេតុ ក៏បុកគ្នាពេញទំហឹងចំពាក់កណ្តាល ទ្រូងផ្លូវបណ្តាលឲ្យម៉ូតូរងការ ខូចខាត ទាំងស្រុង រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដែរ។

សាក្សីដដែលបានឲ្យដឹងថា បុរសអ្នកបើកបរម៉ូតូរងគ្រោះខាងលើនេះ មិនមានអ្នកស្គាល់អត្ត សញ្ញាណនោះទេ ហើយជនរងគ្រោះរូបនេះ បានសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្រ្គោះដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យខឹម រ៉ានី ។ រីឯអ្នកបើកបររថយន្ត ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណ ដែរ ដោយសារក្រោយពេលកើតហេតុ អ្នកបើកបររថ យន្ត បានចុះគេចខ្លួនបាត់ភ្លាមៗតែម្តង។ ប៉ុន្តែអ្នកឃើញហេតុការណ៍បាននិយាយថា អ្នកបើកបររថយន្តនោះជាជនជាតិបរទេស ជិះគ្នា បីនាក់។  

ចំពោះករណីនេះនគរបាលខណ្ឌចំការមន បានទាក់ទងទៅនគរបាលការិយាល័យជំនាញ ចុះមក វាស់វែងដកហូត យករថយន្តនិង ម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី ដោះស្រាយតាមផ្លូវច្បាប់។       

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានធ្វើឲ្យមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ដែល ឃើញហេតុ ការណ៍នោះ បានឈប់ម៉ូតូរួចដកអាវុធខ្លីបាញ់ឡើងលើមួយគ្រាប់ ក្នុងគោលបំណង ជួយអន្តរាគមន៍ដល់ជនរង គ្រោះជាអ្នកជិះម៉ូតូ ព្រោះខឹងឡានពេទ្យក្រមកលើកអ្នករងគ្រោះ ទៅ សង្គ្រោះពេក។ តែសកម្មភាពនេះ ត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចុះមកនាំខ្លួនមន្ត្រីនគរបាល ដែលបង្កការផ្ទុះអាវុធនោះទៅស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការអប់រំ អំពីបញ្ហាបាញ់បោះសេរីតាម ផ្លូវ សាធារណៈផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: National News Social news ព័ត៌មានជាតិ