CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ បានបាត់បង់ជីវិត នៅក្រោមរថយន្ត របស់ខ្លួន

សៀមរាប ៖ បុរសជាម្ចាស់រថយន្តម្នាក់បានស្លាប់ នៅយានដ្ឋាន ជួសជុលរថយន្ត បន្ទាប់ពី
ក្រុមជាង និងជនរងគ្រោះឡើងប៉ុងដើម្បីជួសជុល កាលវេលាម៉ោង ៥ ល្ងាចថ្ងៃទី១២ ខែ វិច្ឆិកា
ឆ្នាំ២០១៣ ស្ថិតនៅក្រុមទី២៤ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប តាម បណ្តោយ
ផ្លូវមិត្តភាព កូរ៉េ កម្ពុជា ខាង ជើងសាលាបឋមសិក្សា អនុវិទ្យាល័យ ហ៊ុន សែន គ្រួស ។

តាមការបញ្ជាក់ របស់ជាងជួសជុលរថយន្ត ដែលទទួលការត្រួតពិនិត្យ រថយន្តរបស់ជនរងគ្រោះ
បាននិយាយឲ្យដឹងថា នៅពេលដែលរថយន្តបានឡើងលើប៉ុងហើយនោះ ជាងបានបញ្ជាម៉ាស៊ីន
ដូយ រថយន្ត ឡើងលើ ដើមី្បធ្វើការត្រួតពិនិត្យជួសជុល គ្រឿងក្រោមរថយន្ត ហើយនៅពេលត្រួត
ពិនិត្យ បានរួចរាល់ ហើយនោះ ក្រុម ជាងក៏បានបញ្ជាម៉ាស៊ីនដូយ ដាក់រថយន្តចុះ តែនៅពេលនោះ
ស្រាប់តែម្ចាស់រថយន្ត ដែលជាជនរងគ្រោះបាន យកឈើ ២តឹកបួនជ្រុង ប្រវែងជាងមួយម៉ែត្រ
ទៅទុលត្រង់ប៉ុង ប្រអប់លេខ ហើយពេលនោះ បានធ្វើឲ្យរថយន្តនៅលើប៉ុង ភ្លាត់ចេញពីទ្រន
ហើយបានធ្លាក់រថយន្ត មកសង្កត់ពីលើជន រងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង ។ នៅពេលដែល
ឃើញ ហេតុការណ៍នេះ ជាងដែលអ្នកជួសជុល រថយន្ត នោះ ក៏ បានស្រែកឲ្យម្ចាស់រថយន្ត ដែល
ជាជនរងគ្រោះនេះរត់ចេញពី ក្រោមរថយន្ត តែជនរង គ្រោះ បានជារត់ចូលទៅក្រោមរថយន្តទៅ
វិញទើបបណ្តាលឲ្យគ្រោះថ្នាក់ ដល់បាត់បង់ជីវិតតែម្តងទៅ ។ នៅក្នុងហេតុការណ៍នេះ ជាងជួស
ជុលរថយន្តរង គ្រោះក៏ពុំបានរត់ទៅទីណាឡើង ព្រមទាំងបាននិយាយ ពីហេតុការណ៍គ្រោះថ្នាក់
នេះ ជូនដល់ សមត្ថកិច្ចផងដែរ ។

រថយន្តដែលធ្លាក់ពីលើប៉ុងនោះ ម៉ាកកាមរី កាលីហ្វ័រញ៉ា ផលិតនៅឆ្នាំ១៩៩០ ពណ៌ឈាមជ្រូក
ដែលមាន បំពាក់ស្លាកលេខ ប០៥៨៥ ភ.ព២  ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់រថយន្តដែលទទួលរងគ្រោះដល់បាត់បង់ជីវិតនោះ មាន
ឈ្មោះ លាប នរា អាយុ ៣៨ឆ្នាំ ដែលមាន ប្រពន្ធឈ្មោះ គួច ឃីហ៊ី អាយុ មានទីលំនៅ ភូមិសា
លាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប មានមុខរបរជាកសិករ ។

ក្នុងហេតុការណ៍នោះ ក៏មានក្រុមសមត្ថកិច្ច នគរបាលខេត្ត អាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន បាន
ចុះទៅ ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើការត្រួតពិនិត្យ ទៅតាមបច្ចេកទេសរបស់សមត្ថកិច្ច
ក្នុង ការស្រាវ ជ្រាវរកពីមូលហេតុដែលបង្កឡើង ធ្វើឲ្យមានមនុស្សបាត់បង់ជីវិតនេះ ។

ចំពោះសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាម គន្លង
ប្រពៃណី ព្រះពុទ្ធសាសនាផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា យានដ្ឋានជួសជុលរថយន្ត ដែលបង្កគ្រោះរហូតដល់មានអ្នកស្លាប់ខាងលើ
នេះ មានយីហោឈ្មោះ សេង វ័រ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News