CamNews

ព័ត៌មានជាតិ 

លោកស្រី ម៉ែន សំអន និងលោក ស៊ាន វិសុទ្ធ បរិច្ចាគថវិកា ដល់លោកតា ពេជ្រ ទុំក្រវិល កំពុងមានជំងឺរិតកាយ

-គ្រួសារលោកតា អំពាវនាវដល់ថ្នាក់ដឹកនាំ និងសប្បុរសជន មេត្តាជួយឧបត្ថម្ភ

កណ្តាល ៖ មានអាយុ៧២ឆ្នាំ លោកសាស្រ្តាចារ្យ ពេជ្យ ទុំក្រវិល អតីតអ្នកនិពន្ធ ដ៏ល្បាញ ល្បី ប្រចាំព្រះរាជា ណាចក្រកម្ពុជា បានធ្លាក់ខ្លួនឈឺ ងើបមិនរួចនោះឡើយ ដោយសម្រាក ព្យាបាលជំងឺ នៅលើពូក ក្នុងផ្ទះស្ថិតនៅ ភូមិខ្លាំគ្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ដោយសារតែ វ័យកាន់តែចាស់ អមដោយជំងឺរួមរិតកាយ ធ្វើឲ្យអតីតអ្នកនិពន្ធ ជើងចាស់រូបនេះ គ្មានលទ្ធភាព ទាំង ផ្លូវកាយ និងផ្លូវចិត្ត ធ្វើអ្វីកើតទៀតនោះទេ ក្រៅពីការខំប្រឹងរស់ នៅក្នុង ដំណាក់កាល ជីវិតចុងក្រោយរបស់ខ្លួន តែប៉ុណ្ណោះ។

ព្រោះតែគ្មានលទ្ធភាព ធ្វើអ្វីកើត ហើយ ម្យ៉ាងទៀត ក្រុមគ្រួសាររបស់លោកតា ទាំងមូល កាន់តែមានការលំបាក ក្នុងជីវភាព ជាពិសេស ចំណាយប្រាក់កាក់យ៉ាងច្រើន លើការព្យាបាលជំងឺនោះ ក្រុមគ្រួសារ មានតែលើកដៃ សុំការ ចូលរួម ឧបត្ថម្ភថវិកាពី ថ្នាក់ដឹកនាំ និងសប្បុរសជន ទាំងឡាយប៉ុណ្ណោះ។

ដោយមើលឃើញ នូវការលំបាក និងស្ថានភាព ដ៏យ៉ាប់យ៉ឺនបែបនេះ កើតឡើងចំពោះ អ្នកនិពន្ធជើងចាស់ នៅ កម្ពុជា កាលពីជាង៥០ឆ្នាំមុននេះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ស៊ាន វិសុទ្ធ អគ្គនាយកស្ថានីយ៍ វិទ្យុ និងទូរទស្សន៍អប្បរា បានឧបត្ថម្ភថវិកា សរុប១លាន ៥សែន រៀលដល់លោកតា ពេជ្រ ទុំក្រវិល ។

ថវិកាទាំងនេះត្រូវបាន លោក ណុប ចាន់ណារិន នាយកព័ត៌មាន នៃសា្ថនីយ៍ ទូរទស្សន៍អប្បរា នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បាននាំយកទៅប្រគល់ជូន លោកតា និងក្រុមគ្រួសារ ដោយផ្ទាល់ ស្ថិតនៅផ្ទះរបស់ លោកតាតែម្តង ។

លោក ណុប ចាន់ណារិន តំណាងឲ្យលោកស្រី ម៉ែន សំអន និងលោក ស៊ាន វិសុទ្ធ ក្រៅពីការផ្តាំផ្ញើការ សួរសុខទុក្ខ ពីថ្នាក់ដឹកនាំនោះ លោកក៏បានជំរុញទៅលោកតា ខិតខំដោយខ្លួនឯង មើលថែ ទាំសុខភាព ឲ្យកាន់តែប្រសើរឡើង ។

លោក ណុប ចាន់ណារិន បានឲ្យដឹងថា លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ឧបត្ថម្ភថវិកា ចំនួន១លានរៀល និងលោកអគ្គនាយក ស៊ាន វិសុទ្ធ ឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀល ។

តាមលោក ណុប ចាន់ណារិន ស្ថានភាពជំងឺលោកតា ពេជ្រ ទុំក្រវិល មានសភាពធ្ងន់ធ្ងរ ដោយលោកតា មិនអាច ងើបដើរហើរ បាននោះទេ ពោលបានត្រឹមតែសម្រាក នៅលើពូកតែប៉ុណ្ណោះ ទាំងនេះមកពីលោកតា កាន់តែមាន វ័យចំណាស់ និងជំងឺកំពុងរួមរិតរាងកាយគាត់យ៉ាងខ្លាំង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal