កំពត៖ រថយន្តបុកប៉ះគ្នាចំនួន ០៤គ្រឿង រញ៉េរញ៉ៃពេញផ្លូវជាតិ នៅវេលាម៉ោង៨និង ១០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ចំណុចខាងជើងផ្លូវរថភ្លើង ប្រមាណ២០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹក
ឈូ ខេត្តកំពត។
តាមសាក្សី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តដឹកទឹក ពាក់ស្លាកលេខ កំពត 3A -0374 បើកក្នុងល្បឿនលឿន ពីជើងទៅត្បូង លុះជិតដល់ចំណុចកើតហេតុ ក៏បានបើកវ៉ារថយន្តតួរីសដឹកឥវ៉ាន់ ម៉ាកស៊ាំយុង ពាក់ស្លាកលេខ ព្រះសីហនុ 2A -2739 ដែលរត់ពីមុខស្របទិសគ្នា លុះដល់ចំណុចកើតហេតុ ក៏វ៉ាក់អើនឹងរថយន្តកូរ៉េមួយតោណ ពាក់ស្លាកលេខ ភ្នំពេញ 2J -9102 ដឹកគ្រឿងសំណង់ មួយគ្រឿងផ្សេងទៀត កំពុងតែចតបញ្ជ្រាសទិស ដើម្បីឈប់ឲ្យជាងបូមកង់ ហើយរុញរថយន្ត កូរ៉េដឹកគ្រឿងសំណង់នេះ ខ្ទាតទៅបុកនឹងគូថរថយន្តបែនដឹកដី ដែលកំពុងតែឈប់ចត បញ្ជ្រាស់ទិសដែរ នោះ ទន្ទឹមគ្នាក៏បុកប៉ះគូថរថយន្តតួរីស បម្រុងនឹងប្រជែងនោះទៀត បណ្តាលឲ្យរថយន្តខ្លះខូចធ្ងន់ និងស្រាល ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យមនុស្សណាម្នាក់ ទទួលរងរបួសឡើយ។ ប្រភពឲ្យដឹងទៀតថា នៅក្រោយកើតហេតុភ្លាម គេឃើញម្ចាស់ រថយន្តទាំងអស់មកដល់កន្លែងកើតហេតុ រួចហើយក៏ធ្វើការចរចាគ្នា សម្រេចបញ្ចប់រឿង ដោយខ្លួនឯង ដោយមិនរំខាន ដល់កម្លាំងសមត្ថកិច្ចណាឡើយ។
ក្នុងហេតុការណ៍នេះ បើតាមប្រភពពីមជ្ឈដ្ឋានថា មានតែរថយន្តតួរីសដឹកឥវ៉ាន់ ពាក់ស្លាកលេខ ព្រះសីហនុ 2A -2739 តែមួយគត់ ជាអ្នកត្រូវច្បាប់ចរាចរណ៍ ក្រៅពីនេះសុទ្ធតែរំលោភលើច្បាប់ចរាចរទាំងអស់ ហើយគេតែងតែឃើញរថយន្តបែនដឹកដីធំៗ មួយថ្ងៃៗ ឈប់ចតខ្លះស្របទិស ឯខ្លះទៀតចតបញ្ជ្រាស់ទិស ទាំងសងខាងថ្នល់ គ្មានសណ្តាប់ធ្នាប់ឡើយ ទោះបីត្រង់ចំណុចមួយនេះ បានដាក់រនាំងដែកពុះចែកទ្រូងផ្លូវ រួចទៅហើយក្តី៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល