CamNews

ព័ត៌មានជាតិ 

ជំទាវព្រឹម ឲ្យស្ត្រីដើរាប់លុយ វាយ និងជេរទៅលើខ្លួន សុំទោសជាសាធារណៈ នៅកណ្ដាលផ្សារចាស់ជាថ្នូរបញ្ចប់រឿង

ភ្នំពេញ៖ ករណីស្ត្រីដើររាប់លុយចងការនៅក្នុងផ្សារ ចាស់ វាយតប់ និងជេរប្រមាថទៅលើជំទាវព្រឹម ទាំងខុសទំនង ផ្ដើមចេញពីរឿងកំប៉ិកកំប៉ុកនោះ  ឥឡូវនេះជំទាវព្រឹម សុខចិត្តទទួលយកនូវការសុំទោសជាសាធារណៈ ដើម្បីបញ្ចប់ បណ្ដឹងហើយ។

នៅវេលាម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅក្នុងបរិវេណផ្សារចាស់ត្រង់កន្លែងធ្វើក្រចក មាន អ្នកលក់ដូរ និងអ្នកដើរផ្សារជាច្រើននាក់ បាននាំគ្នាចោមរោមមើលស្រ្តីវ័យក្មេងម្នាក់ បត់ជើងសំពះសុំទោសស្រ្តីវ័យ ចំណាស់ម្នាក់ទៀត កាត់កេរកាត់ខ្មាសនៅកណ្ដាលផ្សារបែបនេះ គឺផ្ដើមចេញពីស្ត្រីវ័យក្មេងខាងលើបង្កហឹង្សាទៅលើ ស្រ្តីវ័យចំណាស់កាលពីថ្ងៃទី២០ ខែមីនា កន្លងទៅនេះ នៅកណ្ដាលផ្សារចាស់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ នៅចំណុច តូបលេខ៨០០-៨០១ ក្នុងផ្សារចាស់ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ស្ដ្រីវ័យចំណាស់ម្នាក់ ដែលគេ  ស្គាល់ និងហៅថា ជាជំទាវនោះ ត្រូវបានអ្នកដើររាប់លុយចងការនៅតាមផ្សារម្នាក់ វ៉ៃបោចសក់ ក្រញ៉ៅដាច់មុខ មាត់ ដោយសារតែរឿងឈឺឆ្អាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានជំទាវម្នាក់ ដែលគេហៅជំទាវព្រឹម  អាយុ ៥៨ឆ្នាំ មានទីលំនៅផ្ទះលេខ៩៩៩ ផ្លូវជាតិលេខ៥ ដែលជាជនរងគ្រោះ បានធ្វើដំណើរចូលមកផ្សារចាស់  ដើម្បីទៅឱ្យជាងកោរោមមុខនៅក្នុងតូបលេខ ៨០០-៨០១ដែលជាម៉ូយរបស់ខ្លួន។ ខណៈជាងកំពុងតែកោរោមមុខ  ស្រាប់តែមានស្ដ្រីម្នាក់ ដែលគេស្គាល់ឈ្មោះ ភិន ធា អាយុ ២៩ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ផ្សារចាស់ មាន មុខរបរជាអ្នកដើរចងការរាប់លុយ បានទៅទារលុយរាប់ពីម្ចាស់តូបខាងលើ ដែលកំពុងតែកោរោមមុខ។ ខណៈនោះ  ជំទាវព្រឹម បានប្រាប់ទៅឈ្មោះ ភិន ធា ថា ជាងកំពុងជាប់រវល់ចាំបន្ដិចទៀត ចាំមកយកទៅណាមួយខ្លាចរញ៉េរញ៉ៃ កោមុតមុខគាត់។  ពេលឮភ្ញៀវប្រាប់ដូច្នេះ ស្ដ្រីឈ្មោះ ភិន ធា ក៏បានចាកចេញទៅវិញ ទាំងមិនសប្បាយចិត្ដបាត់ ទៅហើយ មួយសន្ទុះក្រោយ ក៏ត្រឡប់មកវិញ ទារលុយរាប់ម្ដងទៀត ខណៈកូនបំណុល ដែលជាជាង កោរោមមុខ  កោឱ្យភ្ញៀវមិនទាន់ហើយផងនោះ ហើយភ្ញៀវដែលគេស្គាល់ថា ជាជំទាវព្រឹម ក៏ប្រាប់បន្ថែមថា ចាំបន្ដិចទៅជិតរួច ហើយ ស្រាប់តែអ្នករាប់លុយធ្វើការឡូឡាថា ឱ្យកូនបំណុលខ្លួនថា ពេលខ្ចីលុយលឿនណាស់ ពេលមកយកយឺត  ហើយក៏ឡូឡាធ្វើឱ្យជំទាវព្រឹមធុញ ក៏ស្រែកសួរថា លុយរាប់ប៉ុន្មាន? ក្រោយដឹងថា ចំនួន ២ម៉ឺនរៀល ក៏បានស្រែក ប្រាប់ទៅអ្នករាប់លុយថា បើប្រញាប់បើកកាបូបខ្ញុំយកទៅ ២ម៉ឺនរៀលនោះ... គ្រាន់តែចាំបន្ដិច ក៏មិនបានដែរ។  សំដីខាងលើនេះ បានធ្វើឱ្យអ្នករាប់លុយខឹង ក៏ស្ទុះចូលទៅចាប់បោចសក់ជំទាវព្រឹមវាយបោកផ្ទប់ទៅនឹងជញ្ជាំង  ហើយខ្វាចក្រញ៉ៅមុខ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញផ្សារ ស្របពេលដែលនគរបាល ប្រចាំការនៅទីនោះទៅដល់ ចូលអន្ដរាគមន៍ឃាត់ខ្លួនយកទៅសួរនាំតែម្ដងទៅ។

ខណៈដែលសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីដឹងថា ជនរងគ្រោះដែលខ្លួនវាយ មានឋានៈជាជំទាវ និងត្រូវជាសាច់ញាតិ របស់មន្ដ្រីជាន់ខ្ពស់ទៀតនោះ ស្រាប់តែជនបង្កជាអ្នករាប់លុយ ចាប់ផ្ដើមទម្លាក់កន្ទុយលុនតួសុំសម្របសម្រួល រួច ហើយសុំបង់ជំងឺចិត្ដរហូតដល់ ១៥០០ដុល្លារឯណោះ ដើម្បីបញ្ចប់រឿង។ ប៉ុន្ដែភាគីរងគ្រោះ មិនបានសុខចិត្ដនោះ ទេ ព្រោះទង្វើរបស់ភាគីបង្កហាក់ដូចជាមិន ទំនង គ្រាន់តែរឿងតូចតាច ហ៊ានស្ទុះមក វាយតប់គេតាមចិត្ដ រួចហើយ ជំទាវព្រឹម ក៏ បានស្នើឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្ដតាមច្បាប់ ដើម្បីទុកជាមេរៀនដល់ អ្នកដទៃ កុំឱ្យយកគំរូតាមគ្រាន់ តែរឿងតូចតាច ដែលមិនសមទំនងនឹងកើតជារឿងសោះ ក៏គេបង្កទៅជារឿងរហូត ដល់បង្កជារបួសស្នាមបានដែរ៕

លោកជំទាវឌី ប្រឹម

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news