CamNews

ព័ត៌មានជាតិ 

CRV បើកបរដោយម្ចាស់ស្រី ស្រាប់តែបុកម៉ូតូ បណ្តាលឱ្យយុវជន ២នាក់របួស ហើយសង ៤០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ ៖ យុវជន២នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈដែលពួកគេជិះម៉ូតូមួយគ្រឿង ឌុបគ្នា មកដល់ចំណុចផ្លូវ កែង ក៏ត្រូវរថយន្ត CRV មួយគ្រឿងដែលបើកបរដោយនារីម្នាក់ ជ្រុលទៅបុកពេញទំហឹង ចំណែកម៉ូតូរងការខូចខាត ភាគីរថយន្តសង ៤០ដុល្លារបញ្ចប់រឿង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨ និង ៤០នាទីយប់ ថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ ៣៦០ កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន ។

ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន ២នាក់ ជិះម៉ូតូឌ្រីមសេ ១២៥ ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BA-7208 ជិះឌុបគ្នា តាមបណ្តោយផ្លូវលេខ៣៦០ ទិសដៅពីកើតទៅលិចលុះមក ដល់កែងនឹងផ្លូវលេខ១៦៣ ក៏ស្រាប់តែមានរថយន្ត CRV ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2D-1884 បើកក្នុង ល្បឿនយ៉ាងលឿន ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាល​ឱ្យអ្នកជិះម៉ូតូទាំង ២នាក់ របួសធ្ងន់ និងស្រាល ។

ប្រភពបន្តថា ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត CRV សងនូវថ្លៃព្យាបាល និង ខូចខាតម៉ូតូចំនួន ៤០ដុល្លារ ចំណែកភាគីខាងម៉ូតូ ក៏ព្រមទទួល ព្រោះមិនចង់មានរឿងវែងឆ្ងាយបន្តទៀត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP