បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្ត បានចាប់ខ្លួន បុរសម្នាក់ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់សមត្ថកិច្ច អាវុធហត្ថស្រុកឯកភ្នំ បានឃាត់ខ្លួន ពីបទប្រើអំពើហិង្សា និងរំលោភសេពសន្ថវៈ លើអតីតប្រពន្ធ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមីនា នៅចំណុចភូមិ ព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំកន្លងមក។
លោក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្តបានឲ្យដឹងថា ជន សង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឌី ខាន់ ភេទប្រុសអាយុ៥១ឆ្នាំ មុខរបរ លក់ដូរ (អតីតប្តី) និងជនរងគ្រោះឈ្មោះ ភឹម សម្បត្តិ អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ។
លោក ឡាច ប្រុស បានបញ្ជាក់ថា យោងតាមរបាយការណ៍បញ្ជូន របស់សមត្ថកិច្ចអាវុធហត្ថ ស្រុកឯកភ្នំ បានបញ្ជាក់ថា កន្លងមកជនសង្ស័យ ធ្លាប់ឈ្លោះនិងវ៉ៃប្រពន្ធ ជាញឹកញាប់ រហូតដល់ប្តឹង លែងលះគ្នា ចេញជា សាលក្រមស្ថាពរ ក្រោយមកក៏បានមកត្រូវរ៉ូវគ្នា ហើយមករស់នៅជាមួយគ្នា ជាធម្មតាលុះ ក្រោយមកចេះ តែមានទំនាស់គ្នាជារឿយៗ។
បើតាមចម្លើយជនសង្ស័យ បាននិយាយថា ខ្លួនរស់នៅជាមួយគ្នាប្តីប្រពន្ធ បានជាង២០ឆ្នាំ មកហើយ ព្រមទាំងមានកូន៥នាក់ រហូតមក ជាក់ស្តែងនៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៥ អតីត ប្តីប្រពន្ធទាំង២នាក់ បាននាំគ្នាទៅទិញគ្រឿង សំណង់ទៅប្រគេនលោក ពេលត្រឡប់មកវិញ ក៏បាននាំគ្នាស៊ីផឹកនៅផ្ទះ ពេល កំពុងស៊ីផឹកស្រវឹង ក៏មានជម្លោះ សម្តីគ្នាឈានដល់វ៉ៃតប់គ្នាក្នុងបន្ទប់ ។ លុះដល់ល្ងាចថ្ងៃទី៨ ខែមីនា ក៏ត្រូវ សមត្ថកិច្ចមកឃាត់ខ្លួន នាំយកទៅទីបញ្ជាការអាវុធហត្ថស្រុកតែម្តង ។
ក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា បន្ទាប់ពីអតីតប្តីប្រពន្ធទាំង២នាក់ បានឈ្លោះគ្នាបន្តបន្ទាប់រួចមក និងយោង តាមពាក្យបណ្តឹង របស់ជាអតីតប្រពន្ធ ពីបទរំលោភសេពសន្ថវៈរួចមក សមត្ថកិច្ចបានកសាង សំណុំរឿងដោយ ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ពីព្រោះមានសាលក្រមស្ថាពរលែងលះគ្នារួចហើយ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួន មកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត ចាត់ការតាមច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល