ព្រះសីហនុ ៖ ក្រុមអាជីវករ ប្រជាពលរដ្ឋ និងនគរបាលការពារផ្សារ សហការគ្នាដេញចាប់ជន
សង្ស័យ ដ៏ស្រស់សង្ហាម្នាក់ ដែលបានធ្វើសកម្មភាព បន្លំលួចយកខ្សែដៃ របស់អាជីវកក្នុងផ្សារ
លើ ក្រុងព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ច ការពារផ្សាលើក្រុងព្រះសីហនុ បានឲ្យដឹងថា យុវជនសង្ស័យជាប់ចោទពីបទ
លួចបន្លំយកខ្សែដៃរបស់អាជីវករ ក្នុងផ្សារលើមានឈ្មោះ កែវ លីដា អាយុ ២៣ឆ្នាំ មានទីលំនៅ
តំបន់ អ៊ូវៀតណាម ទំនប់រលក ក្រុមទី៣១ ភូមិ៣ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ដោយធ្វើ
សកម្មភាព ឆក់ខ្សែដៃ ទម្ងន់ ៥ជីមាស ពីស្ត្រីអាជីវកលក់មាស ក្នុងផ្សារលើ ក្រុងព្រះសីហនុ ឈ្មោះ
នាង ឡេង អាយុ ៦០ឆ្នាំ មុខរបរដូរលុយ និងលក់មាស តូបលេខ១ មានទីលំនៅក្រុមទី១៧ ភូមិ១
សង្កាត់ លេខ៤ ក្រុងខេត្តព្រះសីហនុ តែមិនបានសម្រេច។
បន្ទាប់ពីស្ទាក់ចាប់បាន ប្រជាពលរដ្ឋបានស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើងផងដែរ មុនពេលបញ្ជូន
ទៅកាន់អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទីទី៨ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង
១១និង៣០នាទី បន្ទាប់ពីយុវជនរូបនោះ ឆក់ខ្សែដៃពីអាជីវករលក់មាស ដូរលុយម្នាក់ នៅក្នុងផ្សារ
លើ ក្រុងព្រះសីហនុ។
ស្ត្រីរងគ្រោះឈ្មោះ នាង ឡេង បានឱ្យដឹងទាំងតក់ស្លុតថា នៅមុនកើតហេតុ ពេលគាត់សម្រាក
បាយថ្ងៃត្រង់រួច ក៏មានយុវជនវ័យក្មេងម្នាក់ បានមកសួររកទិញខ្សែដៃមាស នៅពេលនោះគាត់
បានលូកយកខ្សែដៃ ទម្ងន់៣ជីមាស ឲ្យយុវជននោះមើល ត្រូវយុវជននោះឆ្លើយថា អាមួយនេះវា
ស្ទើរ បន្តិច តើមានអាធំជាងនេះបន្តិចទេ គាត់ក៏បានលូកយកខ្សែដៃទម្ងន់ ៥ជីមាស ហុចទៅឲ្យ
មើល ក៏ ត្រូវយុវជនរូបនេះឆក់យក រួចស្ទុះរត់គេចខ្លួន ។ ភ្លាមៗនោះគាត់ បាន ស្រែកឆោឡោឲ្យ
អ្នកជិត ខាងជួយចាប់ ។ ដោយបានឮសម្រែកស្រែកថា ចោរៗ អាជីវករក្នុងផ្សារជាច្រើន បាន
ស្រែកបន្តគ្នា រហូតឮដល់នគរបាល ការពារផ្សារ ក៏ស្ទាក់ចាប់ជាប់បានតែម្តង ។
សាក្សីនៅកន្លែងកើតហេតុ ក៏បាននិយាយថា យុវជនជាប់ចោទនេះ មានរូបរាងស្អាតបាត មិនចាញ់
តារាសម្តែងប៉ុន្មានទេ មិនគួរណាមានគំនិតមិនល្អទៅវិញ ។ សាក្សីដដែលបន្តថា បើសិនក្រោយ
ពេលលួចបាន ជនសង្ស័យដើរធម្មតា មិនមាននរណាហ៊ានដេញចាប់ទេ ព្រោះជនសង្ស័យរូបនេះ
មានរូបរាងស្រស់សង្ហា ដូចកូនអ្នកមានមួយរូបអីចឹងដែរ ៕
យុវជនជាប់សង្ស័យដែលឆក់ខ្សែដៃរបស់អាជីវករលក់មាស
អាជីវករលក់មាសដែលរងគ្រោះ
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល