-ជនរងគ្រោះ ៣នាក់ រងរបួសធ្ងន់ ស្រាល ដោយសារគ្រាប់កាំភ្លើង
កណ្ដាល ៖ ក្រុមចោរប្លន់ មួយក្រុមចាប់ ពី ៤នាក់ឡើងទៅ ជិះម៉ូតូ ៣គ្រឿង បាន ធ្វើសកម្មភាពប្លន់ បាញ់ជាង ១០គ្រាប់យក គ្រឿងអលង្កា អស់ជាង៤០ដំឡឹង និងលុយ កាក់មួយចំនួនធំ ពីអាជីវករលក់មាសនៅ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដ កណ្ដាល បណ្ដាលឱ្យអាជីវករ ២នាក់ជាបង ប្អូនថ្លៃ រងរបួសធ្ងន់ និងស្ដ្រីអ៊ុតសក់ម្នាក់ ទៀត រងរបួសស្រាល ដោយសារតែផ្លាត គ្រាប់កាំភ្លើងត្រូវ ។
សកម្មភាពប្លន់ប្រដាប់អាវុធ បាញ់ជាង ១០គ្រាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចអះ អាងថា កើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។
មេបញ្ជាការអាវុធហត្ថ ខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ មាស សុវណ្ណ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ករណីប្លន់ប្រដាប់អាវុធពីអាជីវករ លក់មាសខាងលើនេះ បណ្ដាលឱ្យរងរបួស ៣នាក់ បង្កឡើងដោយជនសង្ស័យមាន ចំនួន ៤នាក់ ។
លោកឧត្ដមសេនីយ៍ មាស សុវណ្ណ បាន បញ្ជាក់ថា ក្រោយបាញ់ជាច្រើនគ្រាប់ និង ប្លន់យកគ្រឿងអលង្កា និងលុយកាក់អស់ មួយចំនួនធំរួចមក ក្រុមចោរប្លន់ទាំងនេះ បានគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ចំពោះ ករណីប្លន់ដ៏កក្រើក នៅឃុំព្រែកតាមាក់ ខាងលើនេះដែរ អធិការនគរបាលស្រុក ខ្សាច់កណ្ដាល លោក ម៉ាញ សុខឿន នៅ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ បាន ថ្លែងប្រាប់តាមទូរស័ព្ទថា ករណីប្លន់ប្រដាប់ អាវុធនេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅ វេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ក្រោយពីមានករណីបាញ់ជាង ១០ គ្រាប់ ពីក្រុមចោរទាំងនោះដែលមានគ្នា ចាប់ពី៤នាក់ឡើងទៅនិងជិះម៉ូតូ៣គ្រឿង។
អធិការនគរបាល ស្រុកខ្សាច់កណ្ដាល បានបន្ដថា ក្នុងករណីប្លន់ប្រដាប់អាវុធនេះ បណ្ដាលឱ្យអាជីវករលក់មាស ២នាក់បង ប្អូនថ្លៃ រងរបួសធ្ងន់ ដោយត្រូវក្រុមចោរ បាញ់ចំភ្លៅខាងស្ដាំ រីឯស្ដ្រីអ៊ុតសក់ម្នាក់ ទៀត រងរបួសស្រាលនៅពេលផ្លាត់គ្រាប់ កាំភ្លើងត្រូវ។ បើតាមលោក ម៉ាញ សុខឿន បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់គ្រឿង អលង្កាជាមាសជាង ២០ដំឡឹង បា្លទីនជាង ២០ដំឡឹង និងលុយចំនួនធំទៀត ។
លោកបញ្ជាក់ថា ជនរងគ្រោះទាំង ៣ នាក់ រួមមាន ទី១ ឈ្មោះ ខឿ ស្រឿន អាយុ ៤១ឆ្នាំ ជាអ្នកលក់មាស និងដូរលុយ នៅផ្សារព្រែកតាមាក់ និងទី២ ជាប្អូនថ្លៃ ឈ្មោះ ឡាង ណារិន អាយុ ២៧ឆ្នាំ និងជន រងគ្រោះទី៣ ឈ្មោះ ប៉ោ សុគន្ធារី អាយុ ២៧ឆ្នាំ មុខរបរ ជាជាងអ៊ុតសក់ ហើយជន រងគ្រោះទាំង ៣នាក់ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ។
អធិការនគរបាលរូបនេះ បានបន្ដទៀត ថា ក្រោយបាញ់ប្លន់បានសម្រេចជនរងគ្រោះ ទាំង ៣នាក់ ត្រូវបានដឹកបញ្ជូនភ្លាមៗទៅ កាន់មន្ទីរពេទ្យ ប៉ុន្ដែ ស្ដ្រីអ៊ុតសក់បានចេញពីមន្ទីរពេទ្យហើយ ដោយរងរបួសស្រាល។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះទាំងអាវុធ ហត្ថ និងនគរបាលបាន និងកំពុងធ្វើការ ស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា ក្រុមចោរ ប្លន់មានកាំភ្លើងអាកា ២ដើម និងកាំភ្លើងខ្លី ១ដើម ហើយបានធ្វើសកម្មភាពបាញ់ទៅ លើជនរងគ្រោះ នៅមុខផ្ទះ ខណៈដែលជន រងគ្រោះ បានធ្វើដំណើរត្រឡប់មកពីផ្សារ វិញ ហើយយកគ្រឿងអលង្ការ និងលុយ ទាំងនោះចូលក្នុងផ្ទះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពល