CamNews

ព័ត៌មានជាតិ 

នគរបាលក្រុងម្នាក់ បើករថយន្ដបុកម៉ូតូ កង់បីរួចដក កាំភ្លើងគំរាមបាញ់ ហើយជេរ ប្រមាថអ្នកកាសែត

ភ្នំពេញ ៖ បុរសម្នាក់ ដែលស្រែកអះអាង ថា ជាមន្ដ្រីនគរបាលនៅស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បាន បង្កគ្រោះថ្នាក់ ចរាចរណ៍ជាមួយអ្នករត់ម៉ូតូកង់បី ប៉ុន្ដែអ្វី ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលទៅទៀតនោះ គឺមន្ដ្រី នគរបាលរូបនេះ បានដកកាំភ្លើង គំរាម បាញ់អ្នករត់ម៉ូតូកង់បី ហើយហក់ទៅធាក់ ព្រមទាំងជេរប្រមាថកាតទាន អ្នកកាសែត ដែលចុះទៅយកព័ត៌មាន នៅទីនោះទៀត ផង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ពោលស្ថិតនៅទល់មុខសាលា ខណ្ឌសែនសុខ តែម្ដង ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ នឹងកន្លែងកើតហេតុ បាននិយាយថា មុន ពេលមានរឿងរ៉ាវខាង លើនេះ កើតឡើង គេ បានឃើញបុរសម្នាក់បើករថយន្ដម៉ាកលុច្ស ស៊ីស ខ្រ៣០០ ពណ៌ស្ករ តាមបណ្ដោយផ្លូវ ហាណូយ លុះមកដល់មុខសាលាខណ្ឌ ស្រាប់ តែបត់រថយន្ដទៅក្រោយ ក៏ប៉ះនិងម៉ូតូកង់បី ដែលបើកមកពីខាងក្រោយ ចំហៀងនិងឆូត ថ្នាំនៅលើរថយន្ដបន្ដិចបន្ដួច ។

សាក្សីបាននិយាយទៀតថា ក្រោយពី រថយន្ដនិងម៉ូតូកង់បីទាំងពីរគ្រឿងប៉ះគ្នារួច មកបានធ្វើឱ្យម្ចាស់រថយន្ដ និងអ្នកបើកម៉ូតូ កង់បី ឈ្លោះប្រកែកគ្នាធ្វើឱ្យបុរសរូបនេះ ឈួលច្រមុះក្ដៅឡើងៗ ក៏ដកកាំភ្លើងគំរាម បាញ់សម្លាប់ រួចលោតទៅធាក់អ្នករត់ម៉ូតូ កង់បីនិងស្រែកក្ដែងៗថា ចង់ប្រើច្បាប់អី ច្បាប់ព្រៃក៏បានដែរ គាត់មិនខ្លាចនោះឡើយ ព្រោះជាមន្ដ្រីបម្រើការងារនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសាក្សីបានបន្ដទៀតថា ដោយឃើញស្ថានភាពនេះ កាន់តែពុះកញ្ជ្រោល ខ្លាំងឡើង ព្រោះឈ្លោះប្រកែកគ្នារកត្រូវ រៀងៗខ្លួននោះ ទើបនគរបាលចរាចរណ៍និង សណ្ដាប់ធ្នាប់ខណ្ឌសែនសុខ បានចុះទៅវាស់ វែងនិងសម្របសម្រួល ប៉ុន្ដែម្ចាស់រថយន្ដ នៅតែមិនព្រម ទើបរៀបចំអូសយករថយន្ដ និងម៉ូតូកង់បីទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ រង់ចាំការដោះស្រាយនៅ ពេលក្រោយទៀត ។

ដោយសារឃើញសមត្ថកិច្ចចរាចរណ៍ កំពុងវាស់វែង ដឹកយករថុយន្ដនិងម៉ូតូកង់បី ទៅរក្សាទុកនោះ ស្រាប់តែអ្នក បើករថយន្ដ ដឹងពីកំហុសរបស់ខ្លួនហើយមិនចង់វែងឆ្ងាយ ក៏បើករថយន្ដចេញ ថែមទាំងមិនបានទាម ទារលុយ១០០ដុល្លារ ដែលខ្លួនបានទារពីដំបូង ឱ្យម្ចាស់ម៉ូតូកង់បីសងនោះឡើយ ។

ម្យ៉ាង វិញទៀត ដោយសារតែមានការស្រែកឌឺដង ក៏ដូចជាថាឱ្យមួយមាត់មួយកពីសំណាក់ប្រជា ពលរដ្ឋ ដែលឈរចោមរោមមើលផងនោះ ក៏ដាច់ចិត្ដបើករថយន្ដចេញទៅទាំងការខ្មាស អៀន ។

យ៉ាងណាក៏ដោយនោះ គ្មាននរណាម្នាក់  ស្គាល់ពីអត្ដសញ្ញាណនោះឡើយថា ពិតជា មន្ដ្រីនគរបាលនៅ ស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ឬមួយយ៉ាងណានោះឡើយ ពោលគ្រាន់តែជាការអះអាងថា របស់រូបគេ ប៉ុណ្ណោះ ដែលថាជាមន្ដ្រីបម្រើការងារនៅ ស្នងការក្រុង ។ ដោយឡែកអ្នកបើកម៉ូតូកង់ បី មានឈ្មោះមិន ជឿន អាយុ៣៩ឆ្នាំ មុខ របរជាអ្នករត់ម៉ូតូកង់បី រស់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ៕

ផ្ដល់សិទ្ធដោយ​៖ ដើមអម្ពិល


Tags: Social News Cambodia PP