CamNews

ព័ត៌មានជាតិ 

បង្រ្កាបក្រុមចោរ ប្លន់ម៉ូតូធំ នៅកោះពេជ្របាន ២នាក់ ម្នាក់ ជាមន្រ្តីយោធា

ភ្នំពេញ : ជនសង្ស័យ២នាក់ ម្នាក់ជាមន្រ្តីយោធា ដែលជាប់ពាក់ព័ន្ឋ នឹងសកម្ម ភាពប្លន់ម៉ូតូ ស៊េរីធំមួយគ្រឿង នៅក្នុងមជ្ឈមណ្ឌលកំសាន្ត កោះពេជ្រ កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំង នគរបាល ខណ្ឌទួលគោក ចុះបង្រ្កាប និងចាប់ខ្លួន នៅក្បែរសណ្ឋាគារ មានហួរ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួល បទបញ្ជាពី លោកស្នងការ និងស្នងការរង ជួន ណារិន្ទ រួចមក កម្លាំងសមត្ថកិច្ច បានបើកការស្រាវជ្រាវ រាល់ករណីប្លន់ និងបទល្មើសនានា ធ្លាប់កើតមាននៅក្នុងរាជធានភ្នំពេញ ហើយក្រោយពីធ្វើការ តាមដានតាមជំនាញ របស់ខ្លួនរួចមក ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាប់ពាក់ព័ន្ឋសកម្មភាព ប្លន់ម៉ូតូម៉ាក RZ ពីគូរសង្សារ កាលពីយប់ថ្ងៃទី៩ ខែមេសា ក្នុង បរិវេណមជ្ឈមណ្ឌលកោះពេជ្រ ។

មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ ហ៊ូ គឹមឈៀក រស់នៅភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ និងទី២ ឈ្មោះ អ៊ូ ណារ៉ា រស់នៅក្រោយ វត្តច្បារអំពៅ ។ ហើយក្រោយការចាប់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូ ម៉ាកសេ១២៥ ពណ៌ក្រហម ដែលពួកគេកំពុងជិះ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសាកសួរ របស់សមត្ថកិច្ច ដើម្បីចាត់ការបន្តទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news