ព្រះសីហនុ៖ យោងតាមប្រភពព័ត៌មាន ពីមន្រ្តីសាលាដំបូងខេត្តព្រះសីហនុ និងមន្រ្តីពន្ធនាគារ
ខេត្តព្រះសីហនុ បានប្រាប់អ្នកយកព័ត៌មាន មជ្ឈមណ្ឌលដើមអម្ពិល ប្រចាំខេត្តព្រះសីហនុ កាល
ពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នេះឲ្យដឹងថា ក្មេងស្រីដែលទូរស័ព្ទ ចូលវិទ្យុ ប្រឌិតថាខ្លួន
ត្រូវគេចាប់ជំរិត ហើយត្រូវបាន សាលាដំបូងខេត្ត ព្រះសីហនុ ចេញដីការឃុំខ្លួនជាបណ្តោះអាសន្ន ដែលជាប់ចោទពីបទផ្ដល់ព័ត៌មានមិនពិត និង ប្តឹងបរិហារបង្កាច់កេរ្ដិ៍ កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ
២០១៣ ឥលូវនេះត្រូវបានសាលា ដំបូងខេត្តធ្វើការដោះ លែងឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន
ហើយកាលពីថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៣នេះ បន្ទាប់ពីមាន មេធាវី មកធានាឲ្យនៅក្រៅ
ឃុំ ហើយយកទៅអប់រំ ។
គួររំលឹកថាកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង១២ សមត្ថកិច្ច នគរបាល
ខេត្តព្រះសីហនុ បានស្វែងរកឃើញ អ្នកដែលទូរស័ព្ទ ចូលវិទ្យុម្នាក់ថាខ្លួនត្រូវគេចាប់ជំរិត នៅនឹង
ផ្ទះ របស់ជីដូនដែលខ្លួនកំពុង រស់នៅជាមួយគ្នានោះមានឈ្មោះ អែមស្រីវីន ភេទស្រី អាយុ១៤ឆ្នាំ
មុខរបរសិស្សថ្នាក់ទី៧ មានទីលំនៅ ក្រុមទី១០ភូមិ៣ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។
តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ នៅ សាវុធ នាយការិយាល័យនគរបាលព្រហ្មទណ្ឌ
កំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ
២០១៣ វេលាម៉ោង ១៧ មាននារីម្នាក់ ទូរស័ព្ទ ចូលវិទ្យុមួយថាខ្លួនគេចាប់ជំរិត ភ្លាមនោះលោក
ឧត្តមសេនីយ៍ត្រី តាក វណ្ណថា ស្នងការនគរបាល ខេត្តព្រះសីហនុ បានទទួលបញ្ជាពីលោក នាយ
ឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការ នគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក កង សុខន
អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកព្រហ្មទណ្ឌ និងលោកឧត្តម សេនីយ៍ឯក ម៉ក់ ជីតូប្រធាន
នាយកដ្ឋានកណ្តាលយុត្តិធម៌ បានដឹកនាំកម្លាំងក្រោមឱវាទ ទាំងអស់ ចុះប្រតិបត្តិការ ស៊ើបអង្កេត
ដោយផ្ទាល់ និងស្រាវជ្រាវចំពោះពត៌មានដែលថាមានគេបង្ខាំង មនុស្សនៅក្នុង ខេត្តព្រះសីហនុ
តាមរយៈស្ថានីយ៍វិទ្យុមួយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល