CamNews

ព័ត៌មានជាតិ 

ឆេះផ្ទះ កណ្តាលក្រុង បានលុង សំណាងល្អ មិនរាលដាល ដល់ផ្ទះលក់ គ្រឿងសំណង់

រតនគិរីៈ លំនៅដ្ឋានប្រជា ពលរដ្ឋមួយកន្លែង ត្រូវបានឆាបឆេះយ៉ាង សន្ធោសន្ធៅបែកផ្កាភ្លើង
កាលពីវេលាម៉ោង ៨ និ០៥នាទី ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣។ ក្នុងប្រតិបត្តិការជួយពន្លត់
អគ្គិភ័យ នេះគេសង្កេតឃើញ កម្លាំង នគរបាលនៃស្នង ការដ្ឋានខេត្តរតនគិរី កងកម្លាំងប្រដាប់
អាវុធ ចំណុះក្រុងបានលុង រួមទាំងអាជ្ញាធរ មូលដ្ឋានផងដែរ។

ប្រភពពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះថុល យួកពុង អាយុ៤៥ឆ្នាំ មុខរបរ
ជាមន្ត្រីរាជការ មន្ទីរវប្បធម៌ខេត្តរតនគិរី និងប្រពន្ធឈ្មោះ សឿន ស៊ីថា អាយុ៤០ឆ្នាំ មុខរបរលក់
ដូរឥវ៉ាន់នៅផ្ទះ។

លោក ចាន់ ថាវី ស្នងការរងទទួលបន្ទុកអង្គភាពពន្លត់អគ្គិភ័យបានថ្លែងប្រាប់ឲ្យដឹងថា  ក្នុងប្រតិ
បត្តិការ ជួយពន្លត់អគ្គិភ័យនេះ  កម្លាំងរបស់លោកប្រើប្រាស់រថយន្តបាញ់ទឹក ចំនួន២គ្រឿងជួយ
អន្តរាគមន៍។ ប៉ុន្តែផ្ទះឈើមួយខ្នង ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង
ត្រូវបានភ្លើង អគ្គិភ័យលេបត្របាក់ស្ទើរមួយរយភាគរយទៅហើយ។

លោកបន្តទៀតថា ដោយសារកម្លាំងរបស់យើងមានការសហការគ្នាល្អ ទើបបណ្តាលឲ្យការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះគ្រប់គ្រងស្ថានភាពបានទាំងស្រុងនៅប្រ
ហែល កន្លះម៉ោងក្រោយមក សំណាងល្អមិនរាលដាលដល់លំនៅដ្ឋានក្បែរនោះ ដែលមាន
ហាងលក់គ្រឿង សំណង់ដ៏ធំទៀតផង។

ស្នងការរងទទួលបន្ទុកអង្គភាពអគ្គិភ័យរូបនេះបន្ថែមទៀតថា ចំពោះទ្រព្យសម្បត្តិដែលខូចខាត
ក្នុង គ្រោះ អគ្គិភ័យខាងលើនេះ យើងមិនទាន់ដឹងតួលេខនៅឡើយទេ ហើយលោកបានធ្វើការ
ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ពេលចាកចេញពីលំនៅដ្ឋានត្រូវត្រួតពិនិត្យ ខ្សែភ្លើង ចង្ក្រានហ្គាស
កន្លែងអុចធូប ទៀនជាដើម។

សូមបញ្ជាក់ផងដែរថា តាមការអះអាងរបស់លោក ថល យួកពុង ដែលជាម្ចាស់ផ្ទះខាងលើ
បាននិយាយថា អគ្គិភ័យនេះកើតឡើងដោយសារ ទុសេ្សខ្សែភ្លើង៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ