CamNews

ភាពយន្ត 

ផលិតកម្ម ស្ប៉ាយឌ័រ (Spider) ក្រុងពាលី ថតរឿង​ខ្មោច ស្នាដៃ​ដំបូង ក្នុង​ទីផ្សារ​ភាពយន្តខ្មែរ

ភ្នំពេញ៖ ផលិតកម្ម ភាពយន្តខ្មែរ ទើបតែដុះពន្លកថ្មី មួយទៀត មានឈ្មោះថា ស្ប៉ាយឌ័រ (Spider) បានចាប់ផ្ដើម បញ្ចេញសាច់ដុំ ថតខ្សែភាពយន្ត លើកដំបូង ប្រភេទខ្មោចព្រាយ បិសាច លាយឡំនឹងឈុតឆាកកំប្លែង មានចំណងជើងថា "កំណប់បះសក់" ខណៈដែលភាពយន្តខ្មែរបែប អាភិនិហាព្រឺព្រួចនេះ កំពុងតែ ទទួលការពេញនិយម ពីសំណាក់អ្នកទស្សនា និងត្រូវបានផលិកម្មនានា ចេញថត ចាក់បញ្ចាំងតាម រោងភាពយន្តល្បីៗ ក្នុងប្រទេសកម្ពុជា យ៉ាងព្រោងព្រាត។

ពិធីក្រុងពាលីថតរឿង "កំណប់បះសក់" បានប្រារព្ធឡើង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៤ នេះ នៅមូលដ្ឋានវត្តជន្លង់ម្លូរ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ចាងហ្វាងផលិតកម្ម លោក អូន ទូច អ្នកដឹកនាំសម្ដែង លោក សន ចាន់តារារិទ្ធ ផលិតករ លោក បុត្រ រំដួលរង្សី ព្រមទាំងតួសម្ដែង ជាច្រើន មានដូចជា កញ្ញា សិទ្ធ សរុណា លោក ស៊ឹម សុរ៉ាមភូមិ កញ្ញា សូដាណេ កញ្ញា រតនា កញ្ញា ពិសី និងតារាកិត្តិយសជាច្រើនទៀត ។

លោក សន ចាន់តារារិទ្ធ អ្នកដឹកនាំសម្ដែង បានថ្លែងឲ្យដឹងថា ភាពយន្តនេះ នឹងត្រូវចំណាយពេលថតជាង១ខែ ដោយមានការរៀបចំយ៉ាងត្រឹមត្រូវ ទាំងអ្នកបច្ចេកទេស សំឡេង ទីតាំង សមាសភាពតួសម្ដែង ការកាត់ត តម្រូវទៅតាមរោងភាពយន្ត និងអ្នកទស្សនា ហើយជារឿងមួយ ដែលយកសំឡេង របស់តួផ្ទាល់តែម្ដង ពោលគឺមិនបញ្ចូលសំឡេង ដូចភាពយន្តដទៃឡើយ ។ ម្យ៉ាងទៀត លោកចង់ផ្តល់ភាពខុសប្លែក ដល់ទស្សនិកជន តាំងពីតួសម្ដែង រហូតដល់ សាច់រឿង។ ឆ្លងតាមរយៈបទពិសោធក្នុងអាជីព ជាអ្នកដឹកនាំសម្ដែងជាច្រើនឆ្នាំ ថ្វីត្បិតតែផលិតកម្មនេះ ទើបតែចាប់ផ្ដើមថត លើកដំបូង ក៏លោក សន ចាន់តារារិទ្ធ បានរំពឹងយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ ពេលថតចប់ យកទៅចាក់បញ្ចាំង ក្នុងរោងភាពយន្ត។

ដោយឡែក លោក អូន ទូច ចាងហ្វាងផលិតកម្ម ស្ប៉ាយឌ័រ (Spider) បានថ្លែងឲ្យដឹងថា ថ្វីបើផលិតកម្មនេះ ជាផលិតកម្ម មានឈ្មោះថ្មី ប៉ុន្តែទាំងផលិតករ ទាំងអ្នកដឹកនាំសម្ដែង និងអ្នកបច្ចេកទេសថត សុទ្ធតែមានបទពិសោធយូរឆ្នាំ ហើយទីតាំងថតក៏ប្លែកខុសពីភាពយន្តដទៃដែរ ។ ចំពោះមូលហេតុ ដែលលោក ថតរឿងខ្មោច ជាលើកដំបូងនេះ ព្រោះលោកយល់ឃើញថា ទស្សនិកជនខ្មែរយើងភាគច្រើន ចូលចិត្តទស្សនារឿងខ្មោច ព្រាយបិសាច និងមិនចង់ឲ្យបាត់បង់ស្នាដៃ អ្នកសិល្បៈខ្មែរ សម័យមុនៗ ជាពិសេសអបិយជំនឿផ្សេងៗ ពោលគឺចង់រក្សា ឲ្យកូនខ្មែរ ជំនាន់ក្រោយបានដឹង និងស្រាវជ្រាវទាំងអស់គ្នា ។

លោក អូន ទូច បានបន្តទៀតថា "កុនខ្មែរយើងសព្វថ្ងៃ ខ្ញុំមើលឃើញថា មានភាពរីកចម្រើនខ្លាំង ព្រោះមានអ្នកគាំទ្រច្រើន ជាក់ស្ដែងតាមរោងកុននានា តាមប្រព័ន្ធ អ៊ីនធើណិត យូធូប គឺមានអ្នកចូលមើលច្រើន និងចេះជួយផ្សព្វផ្សាយបន្តគ្នា ។ ខ្ញុំគិតថា ពីមុនរឿងខ្មែរ នៅខ្វះចន្លោះ ត្រង់បច្ចេកទេសថតខ្លះៗ ប៉ុន្តែពេលនេះ យើងមានភាព រីកចម្រើនច្រើន ខាងបច្ចេកទេស ។ណាមួយរឿងខ្ញុំនេះ (កំណប់បះសក់) តួទាំងអស់ត្រូវតែចាំ ប៉ារ៉ូលឲ្យច្បាស់ ព្រោះយកសំឡេងផ្ទាល់ ដើម្បីឲ្យត្រូវនឹង ទឹកមុខ និងស្ថានភាពសាច់រឿង..!"។

ក្នុងនាមលោកជាចាងហ្វាង ផលិតកម្ម លោកបានទទូច សូមឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាចូលរួមបន្តគាំទ្រ វិស័យភាពយន្តខ្មែរ ឲ្យកាន់តែមាន ភាពរីកចម្រើនឡើង បន្ថែមទៀត ហើយលោកជឿជាក់ថា ភាពយន្តដែលលោកកំពុង ចាប់ផ្ដើមថតនេះ រំពឹងថា នឹងទទួលជោគជ័យ ព្រោះក្រុមកាងាររបស់លោក នឹងខិតខំសម្រិតសម្រាំង យកចិត្តទុកដាក់ ឲ្យគ្រប់ជ្រុងជ្រោយ ផ្តោតសំខាន់លើគុណភាពនៃរឿង មិនឲ្យអ្នកទស្សនា ខកបំណងឡើយ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល