ភ្នំពេញ ៖ ក្រុមកម្មករ ប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ិនទ្រី ប្រមាណជាង ២០០នាក់ តំណាងឲ្យ កម្មករ សរុប ១២២៥នាក់ កាលពីវេលា ម៉ោង ១៨ និង ៣០ នាទីយប់ថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ ២០១៤ បានលើក គ្នាមកតវ៉ា នៅមុខទីស្នាក់ការ ក្រុមហ៊ុនស៊ិនទ្រី ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារ សុំឲ្យភាគីក្រុមហ៊ុនតម្លើង ប្រាក់ខែ គោល១៥០ ដុល្លារ ក្នុងមួយខែ នឹងសុំកុំឲ្យកាត់ប្រាក់ថ្លៃ កាត់អាវចំនួន ១៥ដុល្លារ ។
លោក ប្រាក់ សុខា តំណាងក្រុមកម្មករ ទាំងអស់បានឲ្យដឹងថា នៅក្នុងក្រុមហ៊ុនស៊ិនទ្រី នេះមានកម្មករ ប្រមូលសំរាមទាំងវេនថ្លៃ នឹងវេនយប់ សរុប១២២៥ នាក់ ហើយពួកគេរាល់ថ្ងៃ បុគ្គលិកបម្រើការ ពេល ថ្ងៃទទួលបានចំនួន ៣១ម៉ឺនរៀល និងបុគ្គលិក ពេលយប់ទទួលបានចំនួន ៣៩ ម៉ឺនរៀល ក្នុងមួយខែ ។ លោកបន្តថា មូលហេតុដែលក្រុមកម្មករផ្ទុះបាតុភាព លើកគ្នាមកតវ៉ា មកមិនចេញធ្វើការនាពេលនេះគឺ ដោយសារភាគីក្រុម ហ៊ុន បានកាត់ប្រាក់ចំនួន ១៥ដុល្លារ ថ្ងៃទិញអាវពាក់ធ្វើការ ជាពិសេស ក្រុមកម្មករ សុំតម្លើង ប្រាក់ខែឲ្យបាន ក្នុងម្នាក់១៥០ដុល្លារ ក្នុងមួយខែ ។ ហើយថ្ងៃនេះ កម្មករ ដែលធ្វើការ ពេលយប់ ជាង ២០០នាក់ មិនបានចេញបម្រើ ការងារប្រមូលសំរាម តាមផ្លូវសាធារណៈដូចរាល់ថ្ងៃទេ ដោយពួកគេ ចត រថយន្តចោល ហើយទិញស្រាមកផឹក ស្រែកច្រៀងរាំ យ៉ាងសប្បាយនៅទីស្នាក់ការ ក្រុមហ៊ុនស៊ិនទ្រី ។
គួរបញ្ជាក់ថា ដោយសារមានការតវ៉ា បង្កឲ្យរំខានដល់ប្រជាពលរដ្ឋ នឹងខ្លាចមានបញ្ហាធំដុំនោះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ បានចុះមកនិយាយ សម្របសម្រួល សុំឲ្យកម្មករយោគយល់ នឹងចេញធ្វើការ ដូចធម្មតា ដោយលោកអភិបាលរង បានមានប្រសាសន៍ ឲ្យកម្មករទាំងអស់ រក្សាភាពស្ងាត់ស្ងៀម ជៀស វាងប៉ះពាល់ ដល់អ្នកដទៃ នឹងខាតបង់ពេលវេលាខ្លួនឯង ដោយលោកសន្យាថានៅព្រឹកថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ ២០១៤នេះលោកនឹងអញ្ជើញតំណាងក្រុមហ៊ុនស៊ិនទ្រី ឲ្យមកជួបចរចាគ្នាជាមួយតំណាងក្រុមកម្មករ ដើម្បីដោះស្រាយ បញ្ហា ខាងលើនេះទៅតាមផ្លូវសន្តិវិធី។
ក្រោយទទួលបានការអប់រំ នឹងពន្យល់ណែនាំពីសំណាក់ លោកអភិបាលរង ក្រុមកម្មករទាំងអស់បាន សម្រេចនាំគ្នារំសាយ ចែកផ្លូវគ្នាទៅ តាមលំនៅឋានរៀងៗ ខ្លួនដោយពុំបានចេញបំពេញការងារឡើយ ហើយពួក គេនិយាយថា បើគ្មានដំណោះស្រាយទេនោះ គឺក្រុមកម្មករនៅតែបន្ត ការតវ៉ារហូត ទទួលបានជោគជ័យ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល