-ប្រជាពលរដ្ឋ រិះគន់ ភាពបង្កអនាធិប តេយ្យ របស់ សមាគម ម៉ូតូកង់បី
ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលតាំងពី វេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្បែរភោជនីយ ដ្ឋានយាំងចូវ តាមផ្លូវលេខ២៥២កែងផ្លូវ លេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយសារតែមាន កម្លាំងសមត្ថកិច្ច និងក្រុម ម៉ូតូកង់បីជាច្រើននាក់ បាននឹង កំពុង ធ្វើការឡោមព័ទ្ធ នៅទីនោះ ក្នុងគោល បំណងតាមស្វែង រកជនសង្ស័យ ក្រោយពីធ្វើ សកម្មភាព លួចម៉ូតូនៅខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុ បានឱ្យដឹងថា មានជនសង្ស័យលួចម៉ូតូ របស់ប្រជាពលរដ្ឋនៅក្នុង ទឹកដីខណ្ឌចំការមន រួចហើយបានបើករត់មកដល់ចំណុចផ្លូវលេខ២៥២ កែងផ្លូវលេខ៦៣ ក៏បោះបង់ម៉ូតូចោល រួចរត់ពួនបាត់ ពេលនោះ ធ្វើឱ្យក្រុមម៉ូតូកង់បី ដែលដេញ តាមពីក្រោយរួមជាមួយកម្លាំង សមត្ថកិច្ចជាច្រើននាក់ បានធ្វើការឡោមព័ទ្ធ នៅទីនោះ តាមចាប់ជនសង្ស័យ ។
តាមសេចក្ដីរាយការណ៍នៅក្នុងករណី នេះ អ្នករត់ម៉ូតូបានចោទប្រកាន់ថា សមត្ថកិច្ចបានទុកឱកាស ឱ្យចោរ រត់គេចខ្លួនដោយ សុវត្ថិភាព ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួន បានបង្ហាញការរិះគន់ យ៉ាងខ្លាំងចំពោះសកម្មភាពខ្លះ របស់ក្រុមម៉ូតូកង់បី ដែលតែងតែបង្កភាព រញ៉េរញ៉ៃនិងអនាធិបតេយ្យនៅក្នុងសង្គម ពីព្រោះពេលមានរឿងអ្វីមួយ ដូចជាជួប គ្រោះថ្នាក់ចរាចរណ៍ ជាដើមនោះ ក្រុមម៉ូតូកង់បីនេះ បានកេណ្ឌគ្នីគ្នាឆ្ពោះទៅ កាន់កន្លែងកើតហេតុ ។
ទន្ទឹមនឹងនេះ សកម្មភាពខ្លះ ពួកគេបានធ្វើការជំនួសសមត្ថកិច្ច និងពេលខ្លះបានរារាំងប្រតិបត្ដិការរបស់ សមត្ថកិច្ច ទៀតផង ដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែ ពិនិត្យមើលបញ្ហានេះឡើងវិញ ចៀសវាងទៅពេលខាងមុខ សកម្មភាព របស់ពួកគេ និងគ្របដណ្ដប់លើការងាររបស់អាជ្ញាធរមានសមត្ថកិច្ចជាក់ជាមិនខាន ដោយអាង កម្លាំងមនុស្សទៅប្រមូលផ្ដុំជាដើម ។
ប្រជាពលរដ្ឋមួយរូប ដែលធ្លាប់ឃើញ ហេតុការណ៍នេះផ្ទាល់ភ្នែក បាននិយាយថា នៅពេលដែលសមាជិក ណាម្នាក់ របស់សមាគមអ្នករត់ម៉ូតូកង់ មានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាររថយន្ដរបស់អ្នកដំណើរតាមដងផ្លូវ បើទោះបីអ្នករត់ ម៉ូតូកង់បីជាអ្នកខុស ប៉ុន្ដែពួកគេអាងឡើងវ៉ៃតាមវិទ្យុទាក់ទង ប្រកូកប្រកាសគ្នីគ្នា ឆ្ពោះទៅកាន់ កន្លែងកើតហេតុ ដើម្បីដាក់សម្ពាធទៅលើអាជ្ញាធរមានសមត្ថកិច្ចក្នុងការដោះស្រាយនិងភាគីម្ខាងទៀត ហើយពេលខ្លះ រហូតនាំគ្នាទៅឡោមព័ទ្ធទីស្នាក់ការរបស់សមត្ថកិច្ចទៀតផង ៕