CamNews

ព័ត៌មានជាតិ 

មន្ដ្រី NOCC លោក ឈួន ឡេង ទទួលមរណៈភាព យប់មិញ

ភ្នំពេញ៖ គណៈកម្មាធិការប្រតិបត្តិ និងជាប្រធាននាយក ដ្ឋានរដ្ឋបាល របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក ឈួន ឡេង បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ១២ និង ១៥នាទីយប់ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ នៅមន្ទីពេទ្យកាល់ម៉ែត ដោយរោគាពាធ ។

យោងតាមសេចក្ដីជូនដំណឹងនៅលើ Facebook ផ្លូវការរបស់ NOCC បានឲ្យដឹងថា លោក ឈួន ឡេង បានទទួលមរណៈភាព ក្នុងជន្មាយុ ៦៦ឆ្នាំ ហើយលោកក៏មានតួនាទី ជាអគ្គលេខាធិការ ដឹកនាំសហព័ន្ធកីឡាសីប៉ាក់តាក្រ ផងដែរ ។

ក្នុងនាមមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា បានកើតទុក្ខជាទម្ងន់ បន្ទាប់ពីទទួលបានដំណឹង ដ៏ក្រៀមក្រំខាងលើ ដែលត្រូវបាត់បង់ថ្នាក់ដឹកនាំកីឡា ជើងចាស់មួយរូបទៀត ខណៈអគ្គលេខាធិការរង របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ហែម ថុន ទើបតែទទួលមរណៈភាព កាលពីចុងឆ្នាំ២០១៤កន្លងទៅ ។

គួរបញ្ជាក់ថា បច្ចុប្បន្នសពលោក ឈួន ឡេង កំពុងតម្កល់នៅវត្តថ្វាយដង្គុំ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងនោះមន្ដ្រីកីឡាជាតិ គ្រប់ស្ថាប័ន ក៏មានទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយអ្នកស្រី ញ៉ែម ប៉ព្រាង ត្រូវជាភរិយា ព្រមទាំងក្រុមគ្រួសារ នៃសពផងដែរ ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Social News Cambodia PP