CamNews

ព័ត៌មានជាតិ 

បើកលុយ​ចេញពី​ធនាគារ​ថ្មីៗ ត្រូវចោរ​វាយ​កញ្ចក់​រថយន្ត យក​អស់ជិត ៤០លានរៀល

ភ្នំពេញ៖ ថវិកាប្រមាណជិត ៤០លានរៀល ត្រូវជនមិនស្គាល់មុខវាយបំបែកកញ្ចក់ លួចយកទៅ
បានដោយសុវត្ថិភាព ខណ:ជនរងគ្រោះ ទើបបើកចេញពីធនាគារកាណាឌីយ៉ា យកមកទុកក្នុង
រថយន្ត ហើយបើកទៅចតនៅមុខ ផ្សារឡាក់គី រួចចូលទៅក្នុងផ្សារ ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារក្រុមជនសង្ស័យ មិនស្គាល់មុខ ២នាក់ ជិះ
ម៉ូតូមួយគ្រឿង មកឈប់ធ្វើសកម្មភាពវាយបំបែក កញ្ចក់រថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាក
លេខ ភ្នំពេញ 2W-0778 លួចយកលុយក្នុងរថយន្តអស់ជិត ៤០លានរៀល កាលពីវេលាម៉ោង ៣
និង៣០នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ ភូមិ៤
សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់រថយន្តដែលចោរ
លួចយកលុយនេះ មានឈ្មោះ ញឹវ ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាអ្នកម៉ៅការសំណង់
ស្នាក់នៅ ផ្លូវជាតិ៥ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។

តាមការរៀបរាប់របស់ បុរសម្ចាស់លុយបានឲ្យដឹងថា គាត់បានចេញពីផ្ទះ ដើម្បីទៅបើកលុយក្នុង
ធនាគារកាណាឌីយ៉ា សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបន្តបើករថយន្ត មកចតនៅចំណុច
កើតហេតុខាងលើ ដោយទុកលុយក្នុងរថយន្ត ហើយចាក់សោរត្រឹមត្រូវ រួចក៏ដើរចូលទៅក្នុងផ្សារ
ឡាក់គី ដើម្បីរកទិញទំនិញបន្តិចបន្តួច ។ ខណ:ចូលបាន ប្រមាណកន្លះម៉ោង ក៏ចេញមកវិញ ពេល
មកដល់រថយន្ត ស្រាប់តែឃើញរថយន្តរបស់ខ្លួន បែកកញ្ចក់ទ្វារខាងមុខ ផ្នែកខាងឆ្វេង ភ្លាមៗនោះ
លោក បានស្ទុះទៅរកមើលថង់លុយ ដែលទុកក្នុងរថយន្តមិនឃើញ ទើបស្រែកឆោរឡោ ដឹងឮ
ដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានហៅម្ចាស់ រថយន្តទៅ
ដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាល ប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីងាយស្រួលដល់សមត្ថកិច្ច
បើកការស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

លោក ប៊ុនធឿន បានបញ្ជាក់ថា លុយដែលជនមិនស្គាល់មុខយកទៅបាត់នោះ ចំនួន ៣៨លាន
៦០ម៉ឺនរៀល ដែលជាលុយទើបបើកចេញ ពីធនាគារ ដើម្បីយកទៅសងថ្លៃគ្រឿងសំណង់ និង
បើកលុយដល់កម្មករផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ