CamNews

ព័ត៌មានជាតិ 

ពលរដ្ឋ ជាង៣ម៉ឺននាក់ បានចុះបញ្ជី ស្វែងរកការងារធ្វើ តាមរយៈ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ

ភ្នំពេញៈ យ៉ាងហោចណាស់ មានពលរដ្ឋកម្ពុជា នៅតាមបណ្តាខេត្ត និង រាជធានី ជាង៣ម៉ឺននាក់ បានចុះបញ្ជី ស្វែងរកការងារធ្វើ តាមរយៈទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) របស់ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ គិតតាំងពីឆ្នាំ២០១០មក ។

លោក ហុង ជឿន ប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ថា “គិតតាំងពីឆ្នាំ២០១០ រហូតមកទល់ ពេលបច្ចុប្បន្ននេះ NEA បានប្រមូលផ្សព្វផ្សាយ ព័ត៌មាន ជ្រើសរើសបុគ្គលិក បានចំនួន ១៣១៤៤៣ និងបាន ផ្តល់សេវាចុះឈ្មោះដល់ អ្នកស្វែងរកការងារ ៣៤.៣៣៦នាក់ ។ បញ្ជូនអ្នកស្វែងរកការងារធ្វើ ទៅឱ្យនិយោជនបានចំនួន ១៦.០១៦នាក់ ដែលក្នុងនោះមាន អ្នកទទួលបាន ការងារធ្វើចំនួន ៤.៩១៤នាក់” ។

លោក ហុង ជឿន បានបន្ថែមថា NEA ក៏បានណែនាំដល់ អ្នកស្វែងរកការងារ ចំនួន ៩.៧៧៣នាក់ និង បានទំនាក់ទំនង ប្រមូលព័ត៌មាន ផ្ទាល់ពីនិយោជក ១០០០ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ហើយ បានផ្តល់ ព័ត៌មានការងារ ទៅដល់ពលរដ្ឋ ចំនួន ១១៦ស្រុក នៅខេត្តចំនួន ២១ ទូទាំងប្រទេស ។

ទីភ្នាក់ងារជាតិមុខរបរ និងការងា បានបង្កើតឡើង នៅឆ្នាំ២០០៩ ។ បច្ចុប្បន្នមាន មជ្ឈមណ្ឌល ការងារ ចំនួន ៥កន្លែង រួមមាន នៅភ្នំពេញ បាត់ដំបង សៀមរាប កំពត និង ស្វាយរៀង ហើយគ្រោង ពង្រីក២ទៀត នៅឆ្នាំ២០១៤ នៅកំពង់ចាម និង តាកែវ ដើម្បីធ្វើយ៉ាងណា ផ្សព្វផ្សាយពីព័ត៌មានការងារ ឱ្យកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋ ប្រយោជន៍កាត់បន្ថយអត្រាគ្មានការងារធ្វើ និង ភាពក្រីក្រ នៅកម្ពុជា ។

តាមប្រសាសន៍ របស់លោក ហ៊ុន ម៉ាណែត តំណាងសម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន ដែលលើកឡើង ស្របគ្នានឹងទិន្និន័យ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែរ ក្នុងពិធីប្រគល់អំណោយ សម្តេចតេជោ ដល់NEA នាព្រឹកថ្ងៃសុក្រទី១៧ថា អត្រាគ្មានការងារធ្វើ សរុបនៅកម្ពុជា ត្រូវបានកាត់បន្ថយពី ៥,៣% ក្នុងឆ្នាំ១៩៩៨ ទៅ ២,៧% នៅឆ្នាំ២០១២ ជាពិសេស ក្នុងចំណោមយុវជន ដែលអត្រានេះ បានថយចុះពី ១២,២% ទៅ ៣,៨% និង ភាពក្រីក្រ ត្រូវបានកាត់បន្ថយ យ៉ាងឆាប់រហ័ស ពីអត្រា ៤៧,៨% ក្នុងឆ្នាំ១៩៩៣ មកត្រឹម ១៩,៨% ក្នុងឆ្នាំ២០១១ ។

លោកបានបញ្ជាក់ថា ក្រៅពីការងារ ក្នុងស្រុករាជរដ្ឋាភិបាល បានខិតខំ ស្វែងរកឱកាស ការងារ នៅបរទេស ដែលមានប្រាក់កម្រៃខ្ពស់ ជូនប្រជាពលរដ្ឋ បានចំនួនជាង ១សែននាក់ ដោយបាននាំប្រាក់ចំណូល ចូលមក ក្នុងប្រទេស ជាង ២០០លានដុល្លារ ជាមធ្យម ក្នុងមួយឆ្នាំៗ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News