ភ្នំពេញ ៖ ក្មេងស្ទាវ ៣នាក់ ដែលធ្វើ ដំណើរ និងបើករថយន្ដវីហ្គោ ១គ្រឿង បាន បង្កគ្រោះថ្នាក់ចរាចរណ៍ បុករះម៉ូតូ និង រថយន្ដដែលចតស្ងៀម ចំនួន ៥គ្រឿង ក្នុង នោះម៉ូតូ ១គ្រឿង និងរថយន្ដ ៤គ្រឿង បណ្ដាលឱ្យរងការខូចខាត ប៉ុន្ដែសំណាងល្អ មិនបណ្ដាលឱ្យនរណាម្នាក់ រងគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិតនោះទេ ។
ក្រោយ បង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែបើក លឿន ខ្វះការប្រុងប្រយ័ត្ន យ៉ាងដូច្នេះក្រុម ក្មេងស្ទាវទាំង ៣នាក់ ដែលគេមិនស្គាល់ អត្ដសញ្ញាណ បានចាកចេញពីកន្លែងកើត ហេតុ រួចហើយឱ្យអ្នកតំណាងរបស់ខ្លួនទំនង ជាបងប្អូន មកដោះស្រាយតាមរយៈការ ចេញសំណង តាមតិចតាមច្រើន ទៅដល់ ម្ចាស់ម៉ូតូ និងរថយន្ដទាំង ៥គ្រឿង ។
គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ ក្រុមក្មេងស្ទាវខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង ១៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៤ ស្ថិតនៅមុខ ៧មករា តាមបណ្ដោយផ្លូវលេខ ៣៦០ កែងផ្លូវលេខ ៥១ ក្នុងខណ្ឌចំការមន ។
សេចក្ដីរាយការណ៍ពីសាក្សី នៅកន្លែង កើតហេតុបាននិយាយថា មុនដំបូងគេបាន ឃើញរថយន្ដវីហ្គោ ១គ្រឿង ពណ៌ស្ករ ពាក់ ស្លាកលេខ ភ្នំពេញ១យូ ៩៣៣៩ បើកដោយ ក្មេងស្ទាវម្នាក់ និងមានក្មេងស្ទាវ ២នាក់ ទៀត ជិះនៅក្នុងរថយន្ដតាមបណ្ដោយផ្លូវ លេខ ៣៦០ លុះដល់កែងផ្លូវលេខ ៥១ ក៏ បត់ឆ្វេង ប៉ុន្ដែ ដោយល្បឿនលឿនពេកយក ចង្កូតមិនទាន់ យកជ្រុលទៅបុកបុរសម្នាក់ កំពុងជិះម៉ូតូម៉ាកស្មាស់ រីវ៉ូ ពណ៌ខ្មៅ គ្មាន ស្លាកលេខ បណ្ដាលឱ្យដួល និងខូចខាតម៉ូតូ គួរសម ។
សាក្សីបន្ដទៀតថា នៅពេលរថយន្ដបង្ក បានបុកម៉ូតូរួចហើយ ក៏ជ្រុលទៅបុករថយន្ដ ហ្វតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២វ៉ាយ ៧១៧៦ បណ្ដាលឱ្យខ្ទេចកង់ខាងក្រោយ ហើយរថយន្ដហ្វតក៏បានជ្រុលទៅបុករថយន្ដ នីសាន់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-3438 បណ្ដាលឱ្យរថយន្ដ ១គ្រឿងនេះរត់ ទៅបុក ចម្ងាយ ៤-១០ម៉ែត្រ ។
សេចក្ដីរាយការណ៍បានបន្ដថា ក្រោយពី រថយន្ដបង្កនេះបានបុកម៉ូតូ និងរថយន្ដរួច មក ក៏ជ្រុលទៅប៉ះរថយន្ដវីហ្គោ ១គ្រឿង ទៀត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2S-7552 រួចបន្ដទៅបុករថយន្ដកាមរីពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២សេ ៥៣១៩ បណ្ដាលឱ្យរងការខូចខាត ផ្នែកកាងខាង ក្រោយ ។
ប្រភពព័ត៌មានបន្ដទៀតថា ក្រោយបង្ក គ្រោះថ្នាក់ចរាចរណ៍ ក្រុមក្មេងស្ទាវទាំង ៣ នាក់ បានបើកទ្វាររថយន្ដគេចចេញពីកន្លែង កើតហេតុបាត់ទៅ ដោយមិនទទួលខុសត្រូវ លុះមួយសន្ទុះក្រោយមក គេបានឃើញបុរសម្នាក់ប្រហែលជាបងប្អូនរបស់ពួកគេ ចេញមុខមកដោះស្រាយជាមួយម្ចាស់ម៉ូតូ និងម្ចាស់រថយន្ដ ទាំង ៥គ្រឿង តាមរយៈការ ផ្ដល់សំណង តាមតិចតាមច្រើន រថយន្ដខ្លះ ត្រូវសង ៥០០ដុល្លារ ខ្លះទៀត ២០ដុល្លារ និងម៉ូតូ ៨០ដុល្លារជាដើម ។
ដោយឡែក រថយន្ដហ្វតដែលរងការខូចខាតធ្ងន់ធ្ងរជាង គេ ដោយខ្ទេចកង់ខាងក្រោយគឺម្ចាស់រថយន្ដ តម្រូវឱ្យភាគីបង្កយកទៅជួសជុលឱ្យដូច ដើម ។ យ៉ាងណាក៏ដោយគេ មិនបានស្គាល់ អត្ដសញ្ញាណ ក្រុមក្មេងស្ទាវទាំងនេះឡើយ រួមជាមួយភាគីជនរងគ្រោះទាំងអស់ ។
ប្រជាពលរដ្ឋ ក៏បានរិះគន់ពីការចតរថយន្ដ អមសងខាងផ្លូវ នៅមុខហាង ៧ មករា នាំ ឱ្យស្ទាក់ចរាចរណ៍ តែម្ចាស់ហាងមិនបាន យកចិត្ដទុកដាក់ជួយសម្រួល ការកកស្ទះ និងការចតរថយន្ដរបស់ភ្ញៀវនោះឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល