CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូ ទៅលេងស្រីស្នេហ៍ ត្រឡប់មកវិញ ចោរប្លន់ យកម៉ូតូបាត់

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវក្រុមចោរមានគ្នា ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ដេញតាមប្លន់យកម៉ូតូទៅបាត់ បន្ទាប់ពីវិលត្រឡប់មកពីជួបស្រីស្នេហ៍វិញ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

បើយោងតាមជនរងគ្រោះ រៀបរាប់ប្រាប់នគរបាលឲ្យដឹងថា រូបគេមានឈ្មោះ គុយ គឿន ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិឈូកវ៉ា សង្កាត់កោគរកា ខណ្ឌព្រែកព្នៅ ម៉ូតូដែលក្រុមចោរប្លន់យកទៅនោះ ម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CE-9141 ចំណែកឯជនសង្ស័យវិញ មានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពុំចាំស្លាកលេខនោះទេ។

ជនរងគ្រោះបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅជួបស្រីស្នេហ៍ នៅម្តុំភូមិកើតហេតុ លុះជួបរួចក៏វិលត្រឡប់មកផ្ទះវិញ ពេលជិះចេញបានបន្តិច ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមកពីក្រោយ គំរាមឲ្យឈប់ម៉ូតូ ដោយម្នាក់ជិះនៅខាងក្រោយ ដកកាំភ្លើង១ដើម ភ្ជង់គំរាម បាញ់សម្លាប់ ទើបជនរងគ្រោះ ព្រមប្រគល់ម៉ូតូឲ្យទៅជនសង្ស័យ ជិះគេចខ្លួនបាត់ស្រមោលតែម្តង។ 
ក្រោយមកទើបជនរងគ្រោះ រត់មកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍ ដើម្បីឲ្យនគរបាល ជួយស្រាវជ្រាវ ស្វែងរកមុខសញ្ញា ចាប់យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news