ភ្នំពេញ ៖ ជនសង្ស័យជានារីម្នាក់ ត្រូវ បានកម្លាំងសមត្ថកិច្ចចាប់ខ្លួន រីឯបក្ខពួក២ នាក់ផ្សេងទៀត បាន និងកំពុងរត់គេច ក្រោយពីពួកគេបានធ្វើសកម្មភាពប្លន់ម៉ូតូពី ជនរងគ្រោះ ២នាក់ កំពុងធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង ២ និង៣០នាទីយប់រំ លងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅតាមផ្លូវលេខ ២៧១ មុខកាកបាទក្រហមកម្ពុជា ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមមន្ដ្រីនគរបាល ព្រហ្មទណ្ឌ ខណ្ឌសែនសុខ បានឱ្យដឹងថា ស្ដ្រីដែលត្រូវ ឃាត់ខ្លួនខាងលើនេះ ឈ្មោះ ធន ស៊ីណាត អាយុ ១៨ឆ្នាំ បម្រើការងារនៅហាងផឹកស៊ី មួយកន្លែង ស្ថិតនៅខាងក្រោយព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ មានស្រុកកំណើត នៅភូមិវាល ឃុំខ្នាដំបង ស្រុកជើងព្រៃ ខេត្ដកំពង់ចាម រីឯបក្ខពួក ២នាក់ផ្សេង ទៀត ដែលសមត្ថកិច្ចមិនស្គាល់អត្ដសញ្ញាណ បាន និងកំពុងរត់គេចខ្លួន ។
ដោយឡែក ជនរងគ្រោះ ដែលត្រូវក្រុមចោរទាំង៣នាក់ វាយប្លន់យកម៉ូតូសេ ១២៥ ឈ្មោះ ឈឿន សុផារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិត្រញំងឈូក សង្កាត់ទឹកថ្លា មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះបានដឹកស្ដ្រីជាចុងភៅនៅខារ៉ា អូខេ ញូវស្ដារ ទៅផ្ទះ ស្រាប់តែធ្វើដំណើរ ដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ ៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកអាយខុន មក កៀរពីឆ្វេង រួចធាក់ជនរងគ្រោះបណ្ដាលឱ្យ ដួល ទើបពួកវាវាយជនរងគ្រោះបន្ថែម ហើយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយ សុវត្ថិភាព ។ ភ្លាមៗនោះបង្កឱ្យមានការ ភ្ញាក់ផ្អើលទើបសមត្ថកិច្ច ចុះទៅជួយអន្ដរា គមន៍ ហើយឃាត់ខ្លួនស្ដ្រីជាជនសង្ស័យរូប នេះយកទៅសួរនាំ ដើម្បីចាត់ការបន្ដទៀត។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល