ព្រះវិហារ៖ សិស្សស្រីវ័យ ១៦ឆ្នាំ ស្រស់ផូរផង់ បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធម ដោយសារភ្លើងទៀន ដែលអុជបំភ្លឺប្រឹងរៀនត្រៀមប្រឡង បានឆេះរាលដាលដល់រូបនាងកំពុង លង់លក់ ក្នុងដំណេកកណ្តាលយប់ជ្រៅ។ គ្រោះអគ្គិភ័យដ៏កំណាចឥតក្តីមេត្តា បានកើតឡើងកាល ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្ត ព្រះវិហារ។
លោកអនុសេនីយ៍ទោ សុខ ធី មេប៉ុស្តិ៍ឃុំពោធិ៍ បានប្រាប់អ្នកយកព័ត៌មានមជ្ឍមណ្ឌលដើមអម្ពិល ថា យុវតី ណែម រចនា អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យពោធិ៍ ត្រូវបានស្លាប់ក្នុងភ្នក់ភ្លើង ដោយមិនមានអ្នកណាជួយទាន់ នោះឡើយទាំងកណ្តាលយប់ជ្រៅ គ្រារូបនាងលង់លក់ក្នុង ដំណេក។
បើតាមលោក សុខ ធី នៅយប់កើតហេតុយុវតីរងគ្រោះ រចនា បានអុជទៀនប្រឹងរៀន ដើម្បីត្រៀម ប្រឡង ដែលនឹង ឈានមកដល់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ លុះរៀនដល់យប់ជ្រៅ ទៅទំនង ងងុយដេក ក៏ដេកលក់ទៅស្រាប់តែ ភ្លើងទៀន បានឆេះរាលដាលដល់មុង និងភួយបង្កជាគ្រោះ អគ្គិភ័យ ឆេះស្លាប់ទាំងយុវតី រចនា តែម្តង។
យុវតី ណែម រចនា មានម្តាយឈ្មោះ អ៊ុន សុផាន និង ឪពុកឈ្មោះ ប៊ុន សារ៉ែម។
សពរបស់យុវតីរងគ្រោះត្រូវបានគ្រួសារដង្ហែយកទៅបូជានៅឯវត្ត ដោយមានការចូលរួមដង្ហែ ក្រោមសម្រែកទុក្ខ សោកស្តាយស្រណោះជាពន់ពេកពីក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិសិស្សា នុសិស្ស រួមទាំងលោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋភូមិផងរបងជាមួយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល