CamNews

ព័ត៌មានជាតិ 

រថយន្ដ ដឹកផ្លែឈើ ២ តោនកន្លះ ជ្រុលចង្កូត ធ្លាក់ជ្រោះស្លាប់ ៣ នាក់

កោះកុងៈ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង គួរឱ្យរន្ធត់ ដោយរថយន្ដដឹកផ្លែឈើនោះ ហោះ
ពីលើចុងឈើ ធ្លាក់ចូលជ្រោះ ជម្រៅប្រហែល ៥០ ម៉ែត្រ ធ្វើឱ្យមនុស្សស្លាប់ ៣នាក់ ចំណែករថ
យន្ដ ខ្ទេចស្ទើរទាំងស្រុង ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ២៥ នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ
២០១៣ ដែលស្ថិតនៅចំណុច ខាងលិចស្ពានតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្ដកោះកុង តាម
បណ្ដោយផ្លូវជាតិលេខ ៤៨ ។ រថយន្ដដែលធ្លាក់ជ្រោះនោះ ជាប្រភេទរថយន្ដកូរ៉េ ២តោន កន្លះ
ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G 8590 ដែលផ្ទុកផ្លែឈើពេញ ។ ចំណែកឯ ជនរង គ្រោះ
ទាំង ៣ នាក់ ដែលបានបាត់បង់ជីវិតនោះ មានឈ្មោះ ចាន់ ដារារិទ្ធិ ហៅ តួ ភេទប្រុស អាយុ
៣៥ ឆ្នាំ មានទីលំនៅ ភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង-ឈ្មោះ វ៉ា ភេទ
ប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា ចំណែកជនរងគ្រោះម្នាក់ទៀត ពុំស្គាល់ឈ្មោះ។

លោក ស៊ុន ឃៀម អធិការនគរបាល ស្រុកកោះកុង បានឱ្យភ្នាក់ងារ ដើមអម្ពិលដឹង នៅព្រឹក ថ្ងៃ
ទី២២ ខែមេសា នេះថា រថយន្ដដែលគ្រោះថ្នាក់ ខាងលើ នេះ គឺបើកបរដោយឈ្មោះ ចាន់ ដារារិទ្ធិ
ហៅ តួ ដឹកផ្លែឈើពីកោះកុងទៅភ្នំពេញ ហើយបើកបរក្នុងល្បឿនលឿន ហើយពេលមកដល់ត្រង់
ចំណុចនោះ ផ្លូវកោង ចុះចំណោទទៀត ចាប់ហ្រ្វាំងមិនទាន់ ក៏ហោះពីចុងឈើចូលជ្រោះតែម្ដង
ហើយមនុស្សដែលនៅក្នុងកាបីនទាំង ៣ នាក់ ស្លាប់ទាំងអស់ ចំណែក រថយន្ដត្រូវខ្ទេចបាសជើង
ឡើងលើ ។

លោកអធិការបានបន្ដថា ចំណែកជនរងគ្រោះទាំង ៣ នាក់ សមត្ថកិច្ចលោកកំពុងយកអេស្កាទ័រ
កាយ ដើម្បីយកសពចេញពីក្នុងរថយន្ដ ។

ជាចុងក្រោយ លោកសូមអំពាវនាវ ដល់អ្នកបើកបរទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន កុំបើកបរក្នុង
ល្បឿនលឿន ហួសកំណត់ ហើយឱ្យមាន ការប្រុងប្រយ័ត្នជានិច្ច មុនពេលបើកបរ ពីព្រោះផ្លូវជាតិ
លេខ ៤៨ នេះ មានចំណោទច្រើន មានផ្លូវបទច្រើន ត្រូវតែប្រុងប្រយ័ត្ន ទាំងអស់គ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ