ភ្នំពេញ ៖ យុវជន ២នាក់ បានស្លាប់ និង រងរបួសធ្ងន់ ក្រោយពីពួកគេទំនងស្រវឹង ស្រាខ្លាំងហើយ
បើកម៉ូតូឌុបគ្នា ទៅបុក រថយន្ដពីក្រោយ កំពុងចតនៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ១២ និង
១០នាទី យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវ
សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងនៅ ពេលដែលជនរងគ្រោះ ទាំង ២នាក់ជិះម៉ូតូ ម៉ាក សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាក
លេខ ភ្នំពេញ 1Y-2214 ពាក់តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន លុះដល់
ចំណុចមុខហាងលក់ផ្កា យីហោ អ៊ាវ ចិន្ដា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជ្រុលទៅបុក
រថយន្ដ ១គ្រឿងដែល ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យអ្នក បើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែង
កើតហេតុ រីឯអ្នកជិះពីក្រោយរងរបួសធ្ងន់បែកគ្រលៀន ត្រូវបានសមត្ថកិច្ចហៅរថយន្ដសង្គ្រោះដឹក
យកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
បើយោងតាមសមត្ថកិច្ច ជនរងគ្រោះ ដែលស្លាប់នៅកន្លែងកើតហេតុនោះ ឈ្មោះ គួយ សុខហៀង
អាយុ ២៤ឆ្នាំ មុខរបរ ជា កម្មកររោងចក្រ មានស្រុកកំណើត នៅស្រុកសំរោង ខេត្ដតាកែវ រីឯជន
រងគ្រោះ ដែលរងរបួសធ្ងន់មិនទាន់ត្រូវបានស្គាល់ អត្ដសញ្ញាណនៅឡើយទេ។ ដោយឡែករថយន្ដ
ដែលចតនៅលើចិញ្ចើមផ្លូវ ក្រោយពីឃើញគ្រោះថ្នាក់បែបនេះ អ្នកបើកបានបើកចេញពីកន្លែងកើត
ហេតុតែម្ដងទៅ ដោយគ្មាននរណាម្នាក់ស្គាល់ពីម៉ាករថយន្ដនោះទេ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវ
បានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណី រីឯម៉ូតូត្រូវបាន សមត្ថកិច្ច
យកទៅរក្សាទុក រង់ចាំប្រគល់ ជូនសាច់ញាតិជនរងគ្រោះនៅពេលក្រោយ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល