កំពត៖ លោកវរៈសេនីយ៍ឯក ទិត្យ គឹមសេង មេបញ្ជាការរង តំបន់ប្រតិបត្តិការ សឹករងខេត្តកំពត ត្រូវបានសាលា ដំបូងខេត្ត សម្រេចឃុំខ្លួន ដាក់ពន្ធនាគារហើយ នាវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ ពាក់ព័ន្ធ ករណីលាក់ទុក ឈើខុសច្បាប់។
លោកខាន់ សុផល ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តកំពត បានប្រាប់ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិលដឹងថា ករណីលោកវរៈសេនីយ៍ឯក ទិត្យ គឹមសេង ត្រូវបានចៅក្រម នៃសាលាដំបូងខេត្ត ធ្វើការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទពីបទលាក់ទុកឈើខុសច្បាប់ តាមមាត្រា៥៣៣ នៃច្បាប់ក្រមព្រហ្មទណ្ឌ។
គួររំលឹកថា លោកស័ក្តិ៥ទិត្យ គឹមសេង ដែលគេស្គាល់ថា មានតួនាទីជាមេបញ្ជាការរង យោធាខេត្តកំពត ត្រូវបាន កម្លាំងសមត្ថកិច្ច ចម្រុះដឹកនាំដោយព្រះរាជអាជ្ញារង ចុះទៅធ្វើការនាំខ្លួន រួមទាំងធ្វើការដកហូតឈើលេខ១ ជាច្រើន ទៀត ខណៈដែលមានបណ្តឹងចោទប្រកាន់ថា លោកមេបញ្ជាការរងរូបនេះ យកតួនាទីរបស់ខ្លួន ជាយោធា ទៅចាប់បទល្មើសព្រៃឈើ តែក្រោយ ចាប់បានមិនបានប្រគល់ឲ្យទៅសមត្ថកិច្ចជំនាញ នោះឡើយ គឺបែរជាយកទៅ លាក់ទុក នៅក្នុងផ្ទះរបស់ខ្លួនមានបំណងស៊ីដាច់ ។
ករណីសមត្ថកិច្ចចម្រុះដឹកនាំ ដោយព្រះរាជអាជ្ញារង គឺលោក ខាន់ សុផល ដឹកនាំកម្លាំងចុះទៅចាប់ខ្លួនលោក ទិត្យ គឹម សេងខាងលើនេះ បានប្រព្រឹត្តទៅ នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ទី១០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្ទះដីឡូត៍ របស់លោក ដែលមានទីតាំងនៅក្នុងភូមិទ្វីរខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្ត កំពត ។
ក្រៅពីឃាត់ខ្លួនយកទៅ សាកសួរសមត្ថកិច្ចចម្រុះ ក៏បានធ្វើការរឹបអូសឈើប្រភេទលេខ១ ចំនួន ២៦សន្លឹក ស្មើ នឹង ០,៦២៨ម៉ែត្រគូបផងដែរ ដែលរួមមានឈើដួងចែម និងឈើថ្កូវ ។ ឈើខាងលើនេះត្រូវបានលោកទិត្យ គឹមសេង ក្នុងនាមជាមេបញ្ជាការ យោធាខេត្តបានទៅចាប់ឈើពីឈ្មួញ និងប្រជាពលរដ្ឋ ដែលចូលព្រៃកាប់អារដឹកចេញ មកយកមកលក់នៅ ទីរួមខេត្ត នៅត្រង់ចំណុចទំនប់វារីអគ្គិសនី កំចាយទឹកឈូរកាលពី វេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ ។
ក្នុងនោះក្រោយចាប់បានឈើហើយលោក ទិត្យ គឹមសេង មិនបានធ្វើរបាយការណ៍យកទៅទុកនៅអង្គភាព ឬ ប្រគល់ ទៅឲ្យរដ្ឋបាលព្រៃឈើជំនាញ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់នោះឡើយ បែរជាយកឈើទាំងអស់ នោះ ទៅទុកក្នុងភូមិគ្រឹះ របស់លោកទៅវិញ ដែលធ្វើឲ្យខុសទៅនឹងនីតិវិធីច្បាប់ ដូចនេះ ហើយនៅពេលបែក ធ្លាយព័ត៌មាន ខាងលើដឹងទៅដល់ព្រះរាជអាជ្ញាភ្លាម លោកព្រះរាជអាជ្ញា ឯក ឆេងហួត ក៏បានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចដឹកនាំ ដោយព្រះរាជអាជ្ញា រង ខាន់ សុផល ចុះទៅចាប់ និងឃាត់ខ្លួនយកទៅសាកសួរនៅឯកងរាជឣាវុធហត្ថខេត្ត កាលពីថ្ងៃម្សិលមិញតែម្តងទៅ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល