ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានថ្លែងថា លំហូរចូលរបស់ជនបរទេសមករស់នៅក្នុងប្រទេសបានកើតឡើងគួរឲ្យគត់សម្គាល់ ដែលក្នុងនោះមាន ជនជាតិវៀតណាមរហូតដល់ទៅ ៩៥ភាគរយ។ របាយការណ៍ជំរឿនក្នុងឆ្នាំ២០១៤ បានបង្ហាញថា ជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានរហូតដល់ទៅ ១៦ម៉ឺននាក់ ចំនួននេះ គិតត្រឹមអត្រា ៧០ភាគរយប៉ុណ្ណោះ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តការគ្រប់គ្រងទៅលើជនអន្តោប្រវេសន៍ ដែលធ្វើឡើងនៅក្រសួងមហាផ្ទៃនា ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥នេះ នាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា ជំរឿនឆ្នាំ២០០២ មានជន ជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាចំនួន ៧ម៉ឺននាក់ ឆ្នាំ២០១០ មានចំនួន ១០ម៉ឺននាក់ ហើយរហូតដល់ ឆ្នាំ២០១៤នេះ បានកើនរហូតដល់ ១៦ម៉ឺននាក់។ នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្តថា ចំនួននេះ គឺគិតក្នុងអត្រា ៧០ភាគរយប៉ុណ្ណោះ បើគិតក្នុងអត្រា ១០០ភាគរយ អាចមានចំនួនច្រើនជាងនេះ។
លោក សុខ ផល ក៏បានឲ្យដឹងផងដែរ ពីប្រតិបត្តិការគ្រប់គ្រង និងស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា ដែលជាលទ្ធផលនៅឆ្នាំ២០១៤ រកឃើញជនអន្តោប្រវេសន៍គ្មានលិខិតស្នាមចំនួន ១.៨០០នាក់ ក្នុងនោះជនជាតិវៀតណាម ជាង ១.៥០០នាក់ ហើយពួកគេក៏ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ។ សម្រាប់៦ខែ ឆ្នាំ២០១៥នេះ បានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ ១.២០០នាក់ ក្នុងនោះ ៩៨ភាគរយ ជាជនជាតិវៀតណាម ហើយពួកគេក៏ត្រូវបានបណ្តេញពីកម្ពុជាដូចគ្នា។
អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រូបនេះ បានទទួលស្គាល់ថា ជនជាតិវៀតណាម បានហូរចូលតាមប៉ុស្តិ៍ព្រំដែន ប្រមាណ ២០-៣០ភាគរយ ក្រៅពីនោះ ហូរចូលតាមច្រករបៀងផ្សេង។
លោក សុខ ផល បានបង្ហើបឲ្យដឹងថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខកម្លាំងអន្តោប្រវេសន៍របស់លោក នឹងចុះប្រតិបត្តិ ការធ្វើជំរឿនស្វែងរកជន អន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា។ លោក ក៏បានស្នើឲ្យអភិបាលខេត្ត កម្លាំងសមត្ថកិច្ចគ្រប់រាជធានី-ខេត្ត ជួយសហការ ដើម្បីស្វែងរក និងគ្រប់គ្រងទៅលើជនអន្តោប្រវេសន៍នេះផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល