CamNews

ព័ត៌មានជាតិ 

បញ្ជូនមន្ដ្រីពន្ធដារ​ ខេត្ដសៀមរាប ទៅតុលាការ ពីបទពុករលួយ

សៀមរាប ៖ ប្រធានផ្នែកគ្រប់គ្រងអ្នក ជាប់ពន្ធមធ្យម នៃសាខាពន្ធដារខេត្ដសៀម រាប ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនទៅកាន់តុលាការ នារសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៣ ក្រោយពីត្រូវបាន ចាប់ខ្លួនពីបទពុករលួយ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា លោកលីវ ប៊ុនថន ត្រូវបានចាប់ខ្លួនពីសំណាក់ អង្គភាពប្រឆាំង អំពើពុករលួយ ដឹកនាំដោយលោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ក្រោយ ពីបើកការស៊ើបអង្កេត ដោយសម្ងាត់បំផុត ក្នុងរយៈពេល៤០ថ្ងៃ ។

អង្គភាពប្រឆាំងអំពើពុករលួយ បានរក ឃើញថា សណ្ឋាគារឬក្រុមហ៊ុនកម្រិតមធ្យម ជាច្រើន នៅក្នុងខេត្ដ សៀមរាប ត្រូវបានផ្នែកនេះ ដែលដឹកនាំដោយលោកលីវ ប៊ុនថន ធ្វើឯកសារកំណត់ពន្ធឡើងវិញ ដោយបំប៉ោង តួលេខឱ្យខ្ពស់ ក្នុងគោលបំណងឱ្យម្ចាស់សណ្ឋាគារ ម្ចាស់ក្រុមហ៊ុនកម្រិតមធ្យមភ័យខ្លាច ហើយត្រូវបង់លុយក្រោមតុឱ្យខ្លួន ។

ករណីសណ្ឋាគារ ឬក្រុមហ៊ុនធុនមធ្យម ណា ដែលមិនព្រមដោះស្រាយលុយក្រោមតុ ឱ្យដល់ប្រធានផ្នែក គ្រប់គ្រង អ្នកជាប់ពន្ធមធ្យមទេនោះ សណ្ឋាគារ ឬក្រុមហ៊ុនទាំងនោះ ត្រូវរងការបង់ពន្ធយ៉ាងខ្ពស់ ។

ឧទាហរណ៍ សណ្ឋាគារធុនមធ្យម ត្រូវ បង់ពន្ធកំណត់ឡើងវិញ តែ២០០ដុល្លារឬ ៥០០ដុល្លារ ប៉ុន្ដែលោកលីវ ប៊ុនថន ធ្វើបែបបទ ដើម្បីឱ្យសាខាពន្ធដារខេត្ដសៀមរាប់ ទារ ៧០០០ដុល្លារ ឬ១ម៉ឺនដុល្លារ ហើយបើម្ចាស់សណ្ឋាគារ ធុនមធ្យមទាំងនោះ ព្រមបង់លុយឱ្យគាត់ ១០០០ទៅ៣០០០ដុល្លារ ទើប សណ្ឋាគារនោះ អាចបង់ពន្ធត្រឹមត្រូវ តាមការកំណត់ គឺ ២០០ដុល្លារឬ ៥០០ដុល្លារវិញ ។

យ៉ាងណាក៏ដោយ មន្ដ្រីពន្ធដាររូបនេះ ស្ថិតក្រោមការសាកសួររបស់តុលាការនៅ ឡើយ ប៉ុន្ដែមជ្ឈដ្ឋាន ខ្លះយល់ឃើញថា ករណីពុករលួយរបស់មន្ដ្រីពន្ធដាររូបនេះ បើ អង្គភាពប្រឆាំងអំពើពុក រលួយ បន្ដ ស៊ើបអង្កេតឱ្យខ្លាំងនោះ ច្បាស់ជារកឃើញ អ្នកពាក់ព័ន្ធច្រើននាក់ ថែមទៀត ពោលការងារ ពុករលួយ អាចកើតឡើងជាប្រព័ន្ធ ហើយបុគ្គលលីវ ប៊ុនថន ក៏មិនអាចអារកាត់ និងប្រព្រឹត្ដតែម្នាក់ ឯងបាននោះឡើយ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News