CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ឡើង លើដំបូលផ្ទះ អ្នកស្រុក ហើយគំរាមលោត ពីលើផ្ទះ ប៉ុនប៉ង ធ្វើអត្តឃាត

ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យញៀនថ្នាំ បានរត់ឡើង លើដំបូលផ្ទះ ប្រកក្បឿង កំពស់១ជាន់ របស់អ្នកភូមិ ជ្រោយបាសាក់ ហើយស្រែកគំរាម ប៉ុនប៉ងលោតធ្វើ អត្តឃាត បង្កឲ្យមាន ការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងអាជ្ញាធរ ចូលរួម អង្វករឲ្យបុរសម្នាក់ នេះចុះ មកក្រោមតាម សម្រួល ដោយមិនមានយក ទោសពៃរ៍អ្វីនោះទេ ។

ហេតុការណ៍ ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅលើ ដំបូលផ្ទះលេខ ៣៥០ ផ្លូវបេតុង (ផ្លូវបន្ទាយ) ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។ បុរសរូបនេះ ឈ្មោះ បេន រឿន អាយុ ៣៤ឆ្នាំ មានទី លំនៅ ភូមិព្រែកតាឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយពីអ្នកស្រុកអង្វរ ឲ្យចុះមកក្រោម តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង ជិត១១ថ្ងៃត្រង់ ទើបបុរសរូបនេះ បានចុះមកក្រោម ហើយត្រូវបានអ្នកភូមិ ប្រគល់អោយសមត្ថកិច្ច យកទៅកាន់ស្នាក់ ប៉ុស្តិ៍ព្រែកប្រា ដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច បុរសរូបនេះ បាននិយាយ ទាំងរវើរវាយថា ខ្លួនត្រូវបានគេដេញវាយ ខណៈរូបគេ បានចូលទៅរក ជក់ថ្នាំនៅលើ វាលខ្សាច់ ខាងក្រោយ អតីតរោងចក្រ តាក់ហ្វាត ក្នុង សង្កាត់ចាក់អង្រែលើ ដោយសារតែគ្មាន លុយអោយពួកជើងកាងប្រចាំវាលខ្សាច់ ដែលជាតំបន់ងាយស្រួល ក្នុងការសេព គ្រឿងញៀន ។

បុរសញៀនថ្នាំ រូបនេះបន្តថា ក្រោយពីពួកញៀនថ្នាំដូចគ្នា ដេញវាយ រូបគេបានមកដល់ ដល់ផ្លូវចូល បន្ទាយនេះ ហើយរត់ឡើង លើដំបូលផ្ទះ អ្នកស្រុក ទើបបង្កជាការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋតែម្តង ។

សូមបញ្ជាក់ថា បុរស បេន រឿន នេះ មានមុខរបរ រត់ម៉ូតូឌុប មានប្រពន្ធឈ្មោះ សួង ផល្លា អាយុ ៣២ឆ្នាំ មានកូនប្រុសស្រី ៥នាក់ ហើយប្រពន្ធ ជាបណ្តុះបណ្តាល កូនឈើលក់ នៅក្រុងតាខ្មៅ ។

នៅពេលមាន ហេតុការណ៍ ភ្ញាក់ផ្អើល ដោយបុរសម្នាក់នេះ ប៉ុនប៉ងលោតពី លើដំបូលផ្ទះ អ្នកស្រុកនេះ នគរបាលមូលដ្ឋាន មិនបានចុះទៅអន្តរាគមន៍ អ្វីនោះ សូម្បីតែផ្ទះកើតហេតុ ក៏សមត្ថកិច្ច មិនបានស្គាល់ អត្តសញ្ញាណ ម្ចាស់ផ្ទះឡើយ៕


Tags: national news