ភ្នំពេញ៖ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានប្រកាសថា លោកនឹងដឹកនាំកម្មករ-កម្មការិនី គ្រូបង្រៀន និងប្រជាពលរដ្ឋ ១ម៉ឺន នាក់ នឹងធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ខាងមុខនេះ ដើម្បីទាមទារលក្ខខណ្ឌ ៣ចំណុច។
លោក រ៉ុង ឈុន បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២២ ខែមករា ថា លោកបានដាក់លិខិតជូនដំណឹង ទៅសាលារាជធានីភ្នំពេញរួចហើយ កាលពីប៉ុន្មាន ថ្ងៃមុន ដើម្បីធ្វើបាតុកម្ម ប៉ុន្តែរហូមកដល់ថ្ងៃទី២២ ខែមករានេះ មិនទាន់មានការឆ្លើយតបនៅ ឡើយទេ។
លោកបន្តថា “ខ្ញុំនឹងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួម ប្រមាណជា ១ម៉ឺននាក់ ក្នុងគោលបំណង ៣យ៉ាង គឺទី១-ទាមទារឲ្យមានដោះលែង លោក វន់ ពៅ និងកម្មករ ២២នាក់ផ្សេងទៀត , ទី២- ទាមទារប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារ ក្នុងមួយខែ និងទី៣-ស្នើ ឲ្យ វែកមុខឃាតកដែលបាញ់សម្លាប់កម្មករ នៅលើកំណាត់ផ្លូវវ៉េងស្រេង នាពេលកន្លងមក”។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងសុំការអធិប្បាយពី លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ ប៉ុន្តែលោក មិនលើកទូរស័ព្ទ។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានហាមឃាត់មិនឲ្យមានការជួបជុំ ឬការប្រមូលផ្តុំនោះទេ ដោយបានប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រោះក្នុងអំឡុងពេលនេះ ស្ថានភាព មិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ហើយខ្លាចមានជនឱកាសនិយមមួយចំនួន កេង ចំណេញផ្នែកនយោបាយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល