ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បង្ហាញតួលេខចំនួនពលករខ្មែរស្លាប់ និងរបួសក្នុងអំឡុង ខែមិថុនា ឆ្នាំ ២០១៤ នៅប្រទេសថៃ ខណៈដែលរដ្ឋាភិបាលយោធាថៃ កំពុងបើកប្រតិបត្តិការ បោសសម្អាត ពល ករខុសច្បាប់កម្ពុជាចាប់តាំងពីដើមខែមិថុនាមក ។
នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរមួយ នៅខេត្ត ឆាកឆឹង នៅប្រទេសថៃ បណ្ដាឲ្យពលករខ្មែរខុសច្បាប់ស្លាប់បាត់បង់ជីវិតចំនួន ៦នាក់ និងរបួសចំនួន ១៣នាក់ ។ ក្នុងនោះអគ្គកុងស៊ុលខ្មែរ នៅខេត្តស្រះកែវ រួមទាំងមន្ត្រីកុងស៊ុលខ្មែរមួយចំនួន បានទៅដល់កន្លែង កើតហេតុ ហើយបាននាំយកអ្នករបួសទៅព្យាបាល នៅមន្ទីរពេទ្យនៅទីនោះ ដោយមានមន្ត្រីកុងស៊ុល ខ្មែរនៅមើលថែទាំ។ នេះបើយោងទៅលើលិខិតរបស់ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស កម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃចន្ទនេះ ។
លោក កុយ គួង តាមរយៈលិខិតខាងលើ បន្តថា "នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤វេលាម៉ោង១០ និង៤៥នាទី ក៏មានគ្រោះថ្នាក់ចរាចរមួយទៀត នៅខេត្តឈុនបូរី បណ្ដាឲ្យពលករខ្មែរខុសច្បាប់ស្លាប់ បាត់បង់ជីវិត ចំនួន ២នាក់(ស្រី១នាក់)និងរបួសចំនួន ១៨ នាក់" ។
ករណីមួយទៀត នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ មានពលករខ្មែរខុសច្បាប់ ចំនួន ៣៥ នាក់ បានទៅសុំជំនួយពីស្ថានទូតកម្ពុជា ក្នុងទីក្រុងបាងកក ជាបន្តបន្ទាប់ដើម្បីមកកម្ពុជាវិញ ។ ស្ថាន ទូតបានផ្ដល់ម្ហូបអាហារការស្នាក់នៅ ព្រមទាំងអាហារសម្រន់ ក្នុងពេលធ្វើដំណើរមកកម្ពុជាដល់ពួកគាត់ ទាំងអស់ ហើយបានជួយសម្រួលដល់ការធ្វើដំណើរដល់ពលករខ្មែរចំនួន ២៦នាក់ ក្នុងចំណោម៣៥ នាក់នេះ មកកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ។ ពលករខ្មែរទាំង ២៦នាក់នេះ មានស្រុក កំណើតនៅខេត្តកំពង់ធំ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល